មេធំ UN ស្នើស៊ើបអង្កេតករណីបាញ់សម្លាប់មនុស្សក្បែរទីតាំងចែកជំនួយហ្កាហ្សា

ហ្កាហ្សា ៖ ប្រមុខអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ បានទទូចឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយ ពាក់ព័ន្ធករណីបាញ់សម្លាប់ និងបង្កឱ្យជនជាតិប៉ាឡេស្ទីនរងរបួស នៅក្បែរទីតាំងចែកជំនួយមនុស្សធម៌មួយគាំទ្រដោយអាមេរិកនៅក្នុងតំបន់ហ្កាហ្សានាពេលថ្មីៗនេះ។

ទីភ្នាក់ងារការពារជនស៊ីវិលក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងថា ទាហានអ៊ីស្រាអែលបានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ និង ១៧៦នាក់ផ្សេងទៀតរងរបួស នៅក្បែរទីតាំងចែកជំនួយស្ថិតនៅក្នុងទីក្រុង Rafah នៃភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ យ៉ាងណាមិញ ខាងភាគីអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ បើទោះបីជាទាហានរបស់ពួកគេមានវត្តមាននៅក្បែរទីតាំងកើតហេតុក៏ដោយ។

ជាការឆ្លើយតប អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា ខ្ញុំមានការតក់ស្លុតនៅពេលបានដឹងពីសេចក្ដីរាយការណ៍ថា មានជនជាតិប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានសម្លាប់ និងរងរបួស ខណៈពួកគេកំពុងស្វែងរកជំនួយមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា។

ជាងនេះទៅទៀត លោក Guterres បានចាត់ទុកហេតុការណ៍បាញ់ប្រហារនេះជារឿងមិនអាចទទួលបាន ដែលប្រជាជនប៉ាឡេស្ទីនកំពុងប្រថុយជីវិត ដើម្បីស្វែងរកចំណីអាហារចិញ្ចឹមក្រពះរបស់ពួកគេ។ ប្រមុខ UN រូបនេះបានអំពាវនាវយ៉ាងទទូចឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយផងដែរ ដើម្បីតាមប្រមាញ់ចាប់ជនល្មើសមកទទួលខុសត្រូវ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner