ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ប្រាប់កងកម្លាំង យោធា ត្រៀម ខ្លួនការពារជាតិ និងសង្គ្រោះពលរដ្ឋ
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត បានអំពាវនាវឱ្យនាយទាហាន នាយរង និងកងពលទាហានទាំងអស់ត្រៀមខ្លួនជាស្រេចសម្រាប់ចូលរួមក្នុងប្រតិបត្តិការនានា ដើម្បីបម្រើជាតិ និងមាតុភូមិ។
ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងកងពលទាហាន នៃតំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥។
ក្នុងឱកាសដដែលនេះ ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរចំពោះ កងកម្លាំងសឹករង ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងអនុវត្តគោលនយោបាយ “ភូមិឃុំសង្កាត់មានសុវត្ថិភាព”។
ឯកឧត្តមក៏បានផ្ដល់អំណោយជាស្បៀង ,សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី ៤សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មបម្រើជាតិ និងជួយសង្គ្រោះពលរដ្ឋ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យកងកម្លាំង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ជាប្រចាំរបស់ឯកឧត្តមអភិបាលខេត្ត និងប្ដេជ្ញាដាច់ខាតក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕



ដោយ៖ប៊ុន រដ្ឋា