សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការអភិវឌ្ឍបែបទូលាយ និង ការអភិវឌ្ឍបែបស៊ីជម្រៅ នៅក្នុងវិស័យកសិកម្ម
(ភ្នំពេញ)៖ ថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ ពីការអភិវឌ្ឍបែបទូលាយ និង ការអភិវឌ្ឍបែបស៊ីជម្រៅ នៅក្នុងវិស័យកសិកម្ម ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីឆ្នាំ១៩៨៧ រដ្ឋាភិបាលពេលនោះ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះចំនួន៤ រួមមាន ផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្ននេះ អាទិភាពទាំង៤ នៅតែរក្សាដដែល ប៉ុន្តែនីតិកាលទី៧នេះ បានដាក់បន្ថែមអាទិភាពមួយទៀត គឺ បច្ចេកវិទ្យា ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យកសិកម្មបែបទូលាយ គឺជាការធ្វើកសិកម្មបែបប្រពៃណី ពោល គឺបើ ១គ្រួសារ មានប្រជាជន ៥នាក់ នោះគេត្រូវមានដី ១ហិកតា។ បើចំនួនគ្រួសារនោះ កើនឡើងដល់ ១០នាក់ នោះគេត្រូវមានដី ២ហិកតា។ ដូច្នេះ បើស្ថានភាពបែបនេះនៅតែបន្ត នោះវានឹងនាំឱ្យមានការខ្ជះខ្ជាយកម្លាំងពលកម្ម ហើយនឹងនាំទៅដល់ការរុករានកាប់ព្រៃឈើដើម្បីធ្វើស្រែធ្វើចម្ការកាន់តែច្រើន។
សម្ដេចតេជោ បានបន្តថា ដោយមើលឃើញស្ថានភាពបែបនេះ រាជរដ្ឋាភិបាល បានពង្រីកសមត្ថភាពចិញ្ចឹមប្រជាជននៅលើផ្ទៃដីដែលមានស្រាប់ ដែលមានន័យថា រដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហាទឹក ដើម្បីបង្កើនរដូវដាំដុះ ព្រមទាំងធ្វើប្រពលវប្បកម្ម ដើម្បីបង្កើនទិន្នផល ។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់បន្ថែមថា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មបែបស៊ីជម្រៅវិញ គឺគេ ត្រូវដោះស្រាយទឹក ដើម្បីបង្កើនរដូវដាំដុះឲ្យបានម្ដងទៅពីរដង ឬបីដង ដើម្បីបង្កើនទិន្នផល។ សម្តេច ថា អត្រាចូលរួមចំណែករបស់វិស័យកសិកម្ម នៅក្នុងសេដ្ឋកិច្ចជាតិឆ្នាំ២០០២ មានដល់ជាង ៨០% ដែលកាលនោះ ប្រជាជនខ្វះអង្ករសម្រាប់ហូបប្រចាំថ្ងៃ ប៉ុន្តែបច្ចុប្បន្ន អត្រារួមចំណែកនេះ មានត្រឹម ១៦% បែរជាយើងមានអតិរេកស្រូវជិត ៧លានតោន សើ្មនឹងអង្ករជាង ៤លានតោន សម្រាប់ការនាំចេញ ជាមួយនឹងកសិផលដទៃទៀត ដូចជា ស្វាយចន្ទី កៅស៊ូ ឬផលិតផលដទៃទៀតដែលយើងអាចនាំចេញបាន ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ត្រូវចងចាំ កុំឃើញថា អត្រាកសិកម្ម ដែលគិតជាភាគរយថយចុះ ប្រៀបធៀបនឹងផលិតផលក្នុងស្រុកសរុប ហើយចាត់ទុកថា ប្រទេសនោះចុះខ្សោយ។ ត្រូវមើលប្រទេសដែលជឿនលឿន ដូចជា ជប៉ុន អាម៉េរិក និងបារាំង ដែលការចូលរួមរបស់វិស័យកសិកម្ម មានប្រមាណតែ ១% ប៉ុណ្ណោះ ប៉ុន្តែ ១% របស់គេ អាចចិញ្ចឹមប្រជាជនខ្លួនឯងបានផង និងអាចនាំចេញមកក្រៅប្រទេសទៀតផង ។ នៅពេលដែល វិស័យឧស្សាហកម្ម និងសេវាកម្មបានរីកធំ នោះវិស័យកសិកម្ម នឹងរួមតូច តែមិនមានន័យថា វិស័យនេះថ យចុះទិន្នផលនោះទេ ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ