គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនិងគម្រោងសិក្សាប្លង់ផ្លូវចំនួន៦ខ្សែ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានលើកយក​មកពិភាក្សា

បន្ទាយមានជ័យ៖គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ(RRCIP) និងការ​ស្នើសុំផ្តល់ កិច្ចសហការដល់​ដំណើរការ​សិក្សា​ប្លង់លម្អិតផ្លូវ​ចំនួន ៦ខ្សែក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានលើកយកមកប្រជុំ​ផ្សព្វផ្សាយកាលពីរសៀលថ្ងៃទី២ ខែមិថុនា នៅសាលប្រជុំសាលា​ខេត្តក្រោមវត្តមានឯកឧត្តម លី ណារុន រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និងជានាយករង​គម្រោងកែលម្អការ​តភ្ជាប់ផ្លូវជនបទ​និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

គម្រោងកសាងផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

ក្រសួងអភិវឌ្ឍន៍ជនបទបានជ្រើសរើសខ្សែផ្លូវក្នុង​ខេត្តបន្ទាយមានជ័យ​ចំនួន ៦ខ្សែ ប្រវែងសរុបជាង១៣០​គីឡូម៉ែត្រ។ជាផ្លូវត្រូវកែលម្អលើ​កម្រិត​គុណភាពផ្លូវទៅជាក្រាលកៅស៊ូពីរជាន់ ឬកម្រាលបេតុងដែល​គ្រោងសាងសង់​នៅក្នុង​ឆ្នាំ២០២៦ខាងមុខ ។បច្ចុប្បន្នផ្លូវទាំង៦​ខ្សែនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាគ្រោងប្លង់ បច្ចេកទេសលម្អិត​ដោយ​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Nippon Koei។

សូមបញ្ជាក់ថា គម្រោងផ្លូវទាំង៦ខ្សែ រួមមាន៖ ១.ផ្លូវបាល័ង្គជ្រៃ (ស្រុកមង្គលបូរី-ស្រុកម៉ាឡៃ)ប្រវែង ២៤,១០គីឡូម៉ែត្រ មានទទឹង៨ម៉ែត្រ, ២.ផ្លូវស្ពានស្រែ (ភ្នំស្រុក-ព្រះនេត្រព្រះ) ប្រវែង ២៤គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ, ៣.ផ្លូវតាភូ (ស្រុកភ្នំ​ស្រុក-ព្រះនេត្រព្រះ) ប្រវែង២៩គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ, ៤-ផ្លូវតែហាំង (ឃុំស្វាយចេក) ប្រវែង ២៥គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ, ៥.ផ្លូវស្រែល្អ (ថ្មពួក)ប្រវែង១៨គីឡូម៉ែត្រ ទទឹង៨ម៉ែត្រនិង៦.ផ្លូវរលួស-ភូមិថ្មី (ស្វាយចេក-ថ្មពួក) ប្រវែង១៤គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ៕


ដោយ៖ឃិន គន្ធា

ads banner