គ្រូបង្វឹកក្រុមជម្រើសជាតិ ៤០ប្រភេទកីឡា បានបំពាក់បំប៉នពង្រឹងសមត្ថភាពដើម្បីផ្តល់ចំណេះជំនាញដល់ជម្រើសជាតិ ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំវគ្គសិក្ខាសាលាស្តីពី ការរៀបចំទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិដល់គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៥ លើ ៤០ប្រភេទកីឡា និងក្រុមកីឡាជនពិការ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិសំខាន់ៗ ។

ថ្លែងនាឱកាសបើកវគ្គសិក្ខាសាលា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍជំនាញគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ក្នុងការដឹកនាំបង្ហាត់ឈានទៅការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងបង្កើនគុណផលកីឡា ត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ ព្រមទាំងការប្រកួតលក្ខណៈអន្ដរជាតិនានាផងដែរ។ ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម បានអំពាវនាវ សូមឱ្យគ្រូៗទាំងអស់យកចិត្តទុកដាក់ត្រងត្រាប់ ដើម្បីទទួលបានចំណេះជំនាញយកទៅអនុវត្តក្នុងការបង្ហាញបង្រៀនកីឡាករកីឡាការិនីប្រកបដោយប្រសិទ្ធិភាព ព្រោះថាបើគ្រូខ្លាំងនិងមានវិន័យម៉ឺងមាត់នាំឱ្យគុណផលរបស់កីឡាករកីឡាការិនីក៏មានគុណភាពខ្ពស់ដែរ។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានគូសបញ្ជាក់ទៀតថា នៅក្នុងសិក្ខាសាលានេះមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធពីគ្រូឧទ្ទេសសំខាន់ៗចំនួន៧រូប ក្នុងនោះដូចជា ឯកឧត្តម វ៉ាត់ ចំរើន ផ្តោតសំខាន់លើការចែករំលែកអំពីចិត្តសាស្ត្រកីឡា និងការព្យាបាលដោយចលនា និងស្តារយុវនីតិសម្បទា។ វេជ្ជបណ្ឌិត ម៉ី សភីរ៉ាណ ផ្តោតសំខាន់លើអាហាររូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ សង្គ្រោះបឋម ក្នុងពេលហ្វឹកហាត់-ប្រកួត។ លោក យាន គីស៊ីវត្ថា ផ្តោតសំខាន់លើការរៀបចំផែនការ និងទ្រឹស្តីការហ្វឹកហាត់របស់គ្រូបង្វឹក រីឯ លោក ព្រំ វណ្ណារឿន ផ្តោតសំខាន់លើការយល់ដឹងអំពីសាធាតុហាមឃាត់ក្នុងវិស័យកីឡា (ដូប៉ា ឬដូពីង) របស់គ្រូជម្រើសជាតិជាដើម។
សូមបញ្ជាក់ថា វគ្គសិក្ខាសាលាស្តីពី “ការរៀបចំ ទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ” ដល់គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥) មានសិក្ខាកាមចូលរួមសរុប ចំនួន ១៤០នាក់៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ


