គម្រោងព្រែកជីកហ្វូណនតេជោនិងធ្វើឱ្យកម្ពុជា ឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹកដោយខ្លួនឯង
(ខេត្តកណ្តាល)៖ កម្ពុជានឹងមានឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹកដោយខ្លួនឯង ដូច្នេះរាជរដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះទទួលបានជោគជ័យ។

នេះគឺជាការលើកឡើង របស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីពាក់ព័ន្ធជាមួយគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង នៅបរិវេណវត្តពោធិអណ្តែត ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណបំផុត ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ។

ឯកឧត្តមបាន បន្ថែមថា ក្រុមមការងារអន្តរក្រសួង បានធ្វើការសិក្សាច្បាស់លាស់ ធ្វើយ៉ាងណា ឱ្យផ្លូវទឹកនេះ បើកនាវាចេញចូលបាន ហើយរងផលប៉ះពាល់តិចតួចបំផុត ទៅលើបងប្អូនប្រជាពលរដ្ឋ ។ ហើយនៅពេលព្រែកជីករបស់យើងសាងសង់រួចរាល់ នោះនឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជាយើង ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីរកស៊ីនៅក្នុងប្រទេសរបស់យើងហើយបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋយើង។ ធានាដល់ការផ្គត់ផ្គង់ត្រីសាច់បាននៅក្នុងតំបន់ព្រែកជីកនេះ ពិសេសព្រែកជីកនេះអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍ នៅពេលដែលព្រែកជីកនេះសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានសាងសង់ ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកម្សាន្តសប្បាយ និងបង្កើតការងារកាន់តែច្រើនទៀតជូនបងប្អូនប្រជាពលរដ្ឋយើង និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើង ។

ក្នុងឱកាសនោះដែរ ក្រុមការងារអន្តរក្រសួង ក៏បានពន្យល់ អំពីលក្ខខណ្ឌបច្ចេកទេស ការសាងសង់ព្រែកជីកហ្វូណនតេជោ រួមមានជម្រៅ ទំហំព្រែកជាក់ស្ដែង និងការពង្រីកនៅតំបន់នៃការបទនាវាផងដែរ។ ព្រមទាំងបានធ្វើការពន្យល់ពីលក្ខខណ្ឌផ្នែកលើទិដ្ឋភាពច្បាប់ ស្ថានភាពជាក់ស្តែង និងផ្តល់សំណងសមរម្យពីរាជរដ្ឋាភិបាល ក្នុងការសងថ្លៃផលប៉ះពាល់ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់កក្នុងគម្រោងសាងសង់នេះ បន្ទាប់ពីក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងនៅលើទីតាំងផ្ទាល់៕
ដោយ ៖ ង៉ាន់ ទិត្យ
