សមាជរដ្ឋសភា-ព្រឹទ្ធសភា បានបិទបញ្ចប់ និងអនុម័តគាំទ្រប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម
(ភ្នំពេញ)៖ សមាជ រដ្ឋសភា និង ព្រឹទ្ធសភា លើកទី១ បានបិទបញ្ចប់ដំណើរការកិច្ចប្រជុំរបស់ខ្លួននាថ្ងៃទី៣ មិថុនា ឆ្នាំ២០២៥ ក្រោយបានបើកដំណើរការ កាលពីថ្ងៃទី២ ខែមិថុនា ។ ជាលទ្ធផលនៃសមាជលើកទី១នេះ អង្គសមាជទាំងមូល បានលើកដៃបោះឆ្នោតគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើប្រព័ន្ធគាំពារសង្គម,សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង កសិកម្ម ហើយអង្គសមាជ បានបន្តជំរុញឱ្យរាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើជាផលប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។

កិច្ចប្រជុំ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានចាប់ផ្តើមតាំងពីម៉ោង៨ព្រឹកថ្ងៃទី២ មិថុនា ឆ្នាំ២០២៥ ដោយប្រជុំរហូតដល់ម៉ោង ១២ និង ២៣នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៣មិថុនា ដែលជាកិច្ចប្រជុំឆ្លងថ្ងៃមិនធ្លាប់មានពីមុន ដោយសមាជិករដ្ឋសភា និងព្រឹទ្ធសភា មកពីគណបក្សនយោបាយទាំងអស់ បានបោះឆ្នោតជាឯកច្ឆ័ន្ទគាំទ្រ និងអនុម័តទៅលើរបៀបវារៈសំខាន់ៗចំនួន២ រួមមាន៖ ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគោលនយោបាយរបស់រដ្ឋាភិបាល អាណិត្តទី៧ ក្នុងការជួយគាំទ្រ និងថែទាំសុខភាពសាធារណៈជូនប្រជាពលរដ្ឋ និងការពារភាពធន់នៃអាជីវកម្មខ្នាតតូចជាដើម ។

កិច្ចប្រជុំនាថ្ងៃទី១ បានពិភាក្សាលើរបៀបវារៈ ដោយផ្តើមដំបូងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានពិភាក្សាលើកិច្ចការព្រំដែន បន្តដោយប្រព័ន្ធគាំពារសង្គម។ កម្មវិធីគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម រួមមាន៖ (១) ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស និង (៣) ការធ្វើស្ថាបនូនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា និងសមាជិកទាំងអស់ បានបន្តពិភាក្សាទៅលើរបៀបវារៈអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលដៅលើកទឹកចិត្តអ្នកប្រកបមុខរបរ និង ធ្វើការងារ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់ មានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីជាមធ្យោបាយសម្រាប់កំណត់អត្តសញ្ញាណ ប្រភេទមុខរបរ និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចផ្តល់ការគាំទ្រផ្សេងៗ បានទាន់ពេល និងចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ ។

សមាជិកអង្គសមាជចំនួន ២២រូប បានឡើងមានមតិ ពិភាក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសម្តេច ហ៊ុន ម៉ាណែត ធ្វើការបកស្រាយ ទៅលើមតិពិភាក្សា បានលើកឡើងរួចមក អង្គប្រជុំសមាជ ក៏បានធ្វើការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី សេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដោយទទួលបានការគាំទ្រចំនួន ១៧៨ សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល ។
សម្រាប់ថ្ងៃទី២ សមាជរដ្ឋសភា និងព្រឹទ្ធសភា បានបន្តកិច្ចប្រជុំរបស់ខ្លួន ពិភាក្សាលើរបៀបវារៈស្តីពី វិស័យកសិកម្ម។ ក្រោយបើកកិច្ចប្រជុំរយៈពេលពេញ ១ថ្ងៃ កិច្ចពិភាក្សាលើវិស័យកសិកម្ម មានការចូលរួមជាមតិពីសមាជិកនៃសមាជចំនួន២៤រូប ហើយក្រោយពីពិភាក្សាចប់អង្គសមាជបានសម្រេចអនុម័តគាំទ្រដល់សកម្មភាពរបស់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម ដោយទទួលបានសំឡេង ១៧៩សំឡេងចំនួនទាំងមូល ។
សូមបញ្ជាក់ថា សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលបានបម្រើឱ្យឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត បង្ហាញពីស្មារតីទទួលខុស កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងអង្គការនីតិប្បញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងភាគីពាក់ព័ន្ធក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
