ផ្លូវបេតុងថ្មីប្រវែងជាងបីគីឡូម៉ែត្រ នឹងជួយលើកកម្ពស់ជីវភាពប្រជាជនស្រុកស្ទឹងសែននិងស្រុកបារាយណ៍
កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំកំពុងសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ៣.៧ គីឡូម៉ែត្រ ដែលតភ្ជាប់ពីស្រុកសន្ទុក ទៅស្រុកបារាយណ៍។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំជាមួយមន្ត្រីជំនាញកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ផ្លូវបេតុងខ្សែថ្មី ប្រវែង ៣.៧ គីឡូម៉ែត្រ ដែលតភ្ជាប់ពីស្រុកសន្ទុក ទៅស្រុកបារាយណ៍។ផ្លូវបេតុងនេះតភ្ជាប់ពីភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ឆ្លងកាត់ស្ទឹងជីនិត ដល់ភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍។

មន្រ្តីជំនាញបានរាយការណ៍ថា ការដ្ឋានកំពុងដំណើរនេះមានសំណង់សារៈសំខាន់ៗមួយចំនួនដូចជា ស្ពានថ្មប្រវែង៧២ ម៉ែត្រ,ទទឹង៨ម៉ែត្រ,លូប្រអប់ចំនួន៣,លូមូលចំនួន ១និងសំណង់សិល្បការចំនួន ៤កន្លែង។
ជាមួយនឹងការពិនិត្យវឌ្ឍនភាពការដ្ឋានឯកឧត្តមអភិបាលក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុង
តំបន់នេះ។ក្នុងឱកាសនេះឯកឧត្តមបានប្រាប់ប្រជាពលរដ្ឋថា ផ្លូវមួយខ្សែផ្លូវនេះនឹងជួយបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជននៅក្នុងរំបន់នេះដោយផ្ទាល់ និងការធ្វើដំណើរឆ្លងកាត់ពីតំបន់ដទៃ។ពិសេសគឺការដឹកជញ្ជូនផលិតផលនានាទៅកាន់ទីផ្សារបានឆាប់រហ័ស។ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវសូមចូលរួមថែរក្សាផ្លូវឱ្យបាលល្អ ប្រយោជន៍ប្រើប្រាស់បានយូរអង្វែង។សូមកុំដឹកលើសទម្ងន់កំណត់។ពិសេសសូមចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍៕
ដោយ៖ប៊ុនរដ្ឋា
