អភិបាលខេត្តបាត់ដំបងប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នកុំឱ្យកើតមានអគ្គិភ័យ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានក្រើនរំលឹកប្រជាពលរដ្ឋក្នុងខេត្តឱ្យមានការយល់ដឹងអំពីវិធីសាស្ត្រក្នុងការទប់ស្កាត់និងរបៀបពន្លត់អគ្គិភ័យនៅពេលមានហេតុការណ៍កើតឡើង។ការដាស់តឿននេះ ខណៈនៅដើមឆ្នាំ២០២៥នេះអគ្គិភ័យបានសម្លាប់មនុស្សយ៉ាងហោចបីនាក់នៅខេត្តនេះ។

ក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យដែលប្រព្រឹត្តទៅនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្តបានរំលឹកដល់អ្នកចូលរួមថា អគ្គិភ័យ គឺជាគ្រោះថ្នាក់ដ៏សាហាវមួយ ។អគ្គិភ័យអាចបំផ្លិចបំផ្លាញអាយុជីវិតនិងទ្រព្យសម្បត្តិរបស់យើងគ្រប់ពេលប្រសិនបើយើងម្នាក់ៗធ្វេសប្រហែស ដូចពាក្យចាស់បុរាណពោលថា ” ស៊ូលិចទូកកណ្តាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ “។

ក្នុងរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថាឆ្នាំ២០២៤កន្លងមក ខេត្តបាត់ដំបងមានគ្រោះអគ្គិភ័យបានកើតឡើងចំនួន៩៦លើក ដោយកើនលើសឆ្នាំ២០២៣ ចំនួន២៦លើកស្មើនឹង៣០ភាគរយបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់និងរបួសម្នាក់។

ដោយឡែកនៅដើមឆ្នាំ២០២៥នេះអគ្គិភ័យបានកើតឡើងចំនួន១៣លើកបណ្តាលឱ្យមនុស្សស្លាប់៣នាក់ ,ឆេះផ្ទះចំនួន ៦ខ្នង និងខូចខាតទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ។មូលហេតុនៃអគ្គិភ័យប្រមាណ៤០ភាគរយ បង្កឡើងដោយសារឆ្លងចរន្តអគ្គិសនី៕
អត្ថបទ-រូបភាព៖អ៊ុក សំអាន ប.ប


