នាវាចម្បាំងអាមេរិកធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ប្រជែងឥទ្ធិពលជាមួយចិន
វ៉ាស៊ីនតោន ៖ ក្រៅពីសង្គ្រាមពាណិជ្ជកម្ម សហរដ្ឋអាមេរិកក៏កំពុងបង្កើនភាពតានតឹងជាមួយចិននៅសមុទ្រចិនខាងត្បូងផងដែរ តាមរយៈការបញ្ជូននាវាចម្បាំងឱ្យធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍នៅទីនោះ ដោយប្រជែងនឹងការអះអាងសិទ្ធិលើដែនទឹកជម្លោះនេះ ពីសំណាក់ប្រទេសចិន និងប្រទេសដទៃទៀត។
កងនាវាចរអាមេរិកបានប្រាប់សារព័ត៌មាន Newsweek ថា ប្រតិបត្តិការកងទ័ពជើងទឹកអាមេរិកធ្វើឡើងនៅជិតប្រជុំកោះ Spratly ដែលជាក្រុមប្រជុំកោះទាមទារដោយប្រទេសចិន វៀតណាម ហ្វីលីពីន កោះតៃវ៉ាន់ ម៉ាឡេស៊ី និងប្រ៊ុយណេ។
កងទ័ពជើងទឹកអាមេរិកបាននិយាយថា ប្រតិបត្តិការរបស់នាវាចម្បាំងខ្លួន គឺមានគោលបំណងជាពិសេស ដើម្បីប្រជែងនឹងការរឹតបន្តឹងលើការឆ្លងកាត់ដែនទឹកពីសំណាក់ប្រទេសចិន កោះតៃវ៉ាន់ និងវៀតណាម។
ផ្អែកតាមសារព័ត៌មាន Newsweek យោធាអាមេរិកកំពុងរក្សាវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ជាទីដែលការទាមទារអធិបតេយ្យភាពរបស់ចិន ត្រួតស៊ីគ្នាជាមួយនឹងប្រទេសដទៃទៀត ដើម្បីរក្សានូវការចូលប្រើប្រាស់ស្របច្បាប់នៃដែនសមុទ្រ និងដែនអាកាសអន្តរជាតិ រួមទាំងសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើតំបន់នោះ។
ព័ត៌មានអំពីប្រតិបត្តិការនាវាចរណ៍របស់អាមេរិកនាពេលថ្មីៗនេះ ក៏កើតឡើងស្របពេលមានរបាយការណ៍អំពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករបស់ចិន ទៅកាន់មូលដ្ឋានយោធានៅប្រជុំកោះ Paracel ដែលមានទីតាំងនៅភាគខាងជើងប្រជុំកោះ Spratly ហើយក៏ចំពេលការវិលត្រឡប់នៃនាវាផ្ទុកយន្តហោះអាមេរិកទៅកាន់សមុទ្រចិនខាងត្បូង៕
ប្រភព ៖ Newsweek ប្រែសម្រួល ៖ ឈឹម ទីណា
