រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់ស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវានៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឱ្យបានទៀងទាត់
បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានមន្ទីរសុខាភិបាលជាសេនាធិការកាលពីថ្ងៃទី៣ ខែមិថុនាបានប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ២០២៥ ក្រោមប្រធានបទ៖ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ នៅសាលាខេត្ត។
ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងពីទិវានេះជាការបន្តពង្រឹង ពង្រីកបណ្តាញឆ្មប និងសមត្ថភាពឆ្មប ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធឆ្មបអន្តរជាតិ និងបង្កើនទំនាក់ទំនងរវាងមន្ត្រីក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ ដែលមានទិសដៅដូចគ្នា ក្នុងការថែទាំសុខភាពមាតា និងទារក ។សកម្មភាពនេះដើម្បីធានានូវឆ្មបដែលមានជំនាញគ្រប់គ្រាន់ ក្នុងការផ្តល់សេវាមានគុណភាពជូនដល់ស្ត្រី មាតា កុមារ និងទារកក្នុងការចូលរួមចំណែកកាត់បន្ថយអត្រាមរណៈភាពមាតា ទារក និងកុមារ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ។
ដោយឡែកខេត្តបន្ទាយមានជ័យមានឆ្មបសរុបចំនួន៥៥០ នាក់។ ក្នុងនោះមានឆ្មបសេវារដ្ឋចំនួន៤៨២នាក់និងឆ្មបសេវាឯកជន៦៨នាក់។
តាមរយៈព្រឹត្តិការណ៍ដែលកំពុងប្រារព្ធឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យបន្តបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាពនិងជំរុញដល់ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពតាមពេលកំណត់របស់គ្រូពេទ្យឬមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឱ្យបានទៀងទាត់។ទន្ទឹមនេះស្ត្រីមានផ្ទៃពោះក៏ត្រូវមកសម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។គ្រូពេទ្យក៏ត្រូវយកចិត្តទុកដាក់ដល់សុខភាពក្រោយពេល សម្រាលទាំងមាតាទាំងទារក ព្រមទាំងបន្តតាមដានសុខភាពកុមារតូចតាមកាលកំណត់។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទាំងគ្រូពេទ្យនិងឆ្មបត្រូវយកចិត្តទុកដាក់លើសុខុមាលភាពនិងសុវត្ថិភាពស្ត្រីមានផ្ទៃពោះក៏ដូចជាមាតានិងទារក ដើម្បីបញ្ជៀសនូវអត្រាមរណៈមាតានិងទារក ៕
ដោយ៖គៀន ច័ន្ទហ៊ីន




