អ្នកជំនាញខាងសុវត្ថិភាពគ្រឿងហូបចុក ចុះត្រួតពិនិត្យទំនិញ​នៅផ្សារចំនួនពីរក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ ក្រុមការងារមន្ត្រីជំនាញដឹកនាំដោយ លោក ងួន រាសី​អភិបាលរងខេត្តកំពង់ធំ លោក ហេង ភារម្យ ប្រធាន​សាខា​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែង​បន្លំ (ក.ប.ប) អាជ្ញាធរពាក់ព័ន្ធ​ដោយ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប ផង កាលពីព្រឹក​ថ្ងៃទី៣ ខែមិថុនា បានចុះត្រួតពិនិត្យ​សុវត្ថិភាពម្ហូបអាហារនៅ​ផ្សារធំៗចំនួន ២ នៅក្នុងក្រុងស្ទឹងសែន គឺផ្សារកំពង់ធំ និងផ្សារ​ស្ទឹងសែន។

លោក ហេង ភារម្យ ឱ្យដឹងថា គោលបំណងនៃការត្រួតពិនិត្យ​ដោយ​បច្ចេកទេសវិទ្យាសាស្រ្តគឺ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​អាហារសម្រាប់ប្រជាពលរដ្ឋ។ពេលត្រួតពិនិត្យក្រុមការងារបាន​ចាក់សំណាកសរុបចំនួន ៤៩គំរូ ដើម្បីពិនិត្យរកសារ​ធាតុ​គីមី​ហាមឃាត់។ក្នុងនោះនៅផ្សារកំពង់ធំសំណាកគំរូចំនួន២៦ និងផ្សារស្ទឹងសែនសំណាកគំរូចំនួន២៣។លោកបន្តថា ជា​លទ្ធផលក្រុមការងារបានរកឃើញសំណាកពពុះសណ្តែកចំនួនមួយគំរូ មានសារធាតុបូរ៉ាក់ ដែលជាគីមីហាមឃាត់។ករណីនេះ​សមត្ថកិច្ច​បានដកហូត និងណែនាំឱ្យបញ្ឈប់ការលក់ផលិត​ផល​នោះភ្លាមៗដែរ។

ការត្រួតពិនិត្យលើសុវត្ថិភាពម្ហូបអាហារបានផ្តោតលើ បន្លែ ផ្លែឈើ សាច់គោ សាច់ជ្រូក នំកញ្ចប់ ប្រហិត ត្រីប្រៃ ប្រហុក ជ្រក់ គ្រឿងសមុទ្រជាដើម។

លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបាននិយាយថា អាជីវករ​លក់ដូរជាច្រើនមិនបានយកចិត្តទុកដាក់លើអនាម័យ និង​គុណភាព​ម្ហូបអាហារទេ ហើយក៏មិនបានគិតពិចារណាលើថ្ងៃខែ​ផុត​កំណត់ ឬសារធាតុគីមីដែលហាមឃាត់ដែរ។លោកបាន
បានអំពាវនាវដល់អ្នកលក់ដូរសូមយកចិត្តទុកដាក់លើទំនិញដែលដាក់លក់ត្រូវតែមានគុណភាព,មិនមានសារធាតុគីមីហាមឃាត់ និងសហការជាមួយអ្នកជំនាញពេលចុះត្រួតពិនិត្យ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner