វៀតណាម បង្ហើបគម្រោងសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីររបស់ខ្លួន

(ភ្នំពេញ)៖ វៀតណាម បានបង្ហើបគម្រោងសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីររបស់ខ្លួន ដើម្បីបង្ហាញទៅកាន់ប្រទេសជាតិ និងអន្តរជាតិ ឱ្យបានយល់កាន់តែស៊ីជម្រៅ អំពីទំនាក់ទំនងដ៏ស្អិតរមួតរវាង កម្ពុជា និងវៀតណាម ។ នេះជាការគូសបញ្ចាក់របស់ នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម  អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃទី៤  ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ បានស្វាគមន៍ចំពោះនាយឧត្ដមសេនីយ៍ ង្វៀន តិនគឿង ដែលជាមិត្តចាស់ របស់កម្ពុជា ខណៈឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលនឹងរួមចំណែក ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត ពិសេសនៅក្នុងវិស័យកងទ័ព ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា-វៀតណាម ដែលបន្តកាន់តែរឹងមាំ និងស្អិតរមួត ផ្អែកលើស្មារតីមិត្តភាពប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ លើគ្រប់វិស័យ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ង្វៀន តិន គឿង បាននាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ចំពោះសម្ដេចតេជោផងដែរ។ ឯកឧត្តមបានអរគុណចំពោះ សម្ដេចតេជោ ដែលបានដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងទិវាថ្ងៃរំដោះភាគខាងត្បូង នៃប្រទេសវៀតណាម នាពេលកន្លងទៅនេះ ។

ឯកឧត្តមក៏បានសរសើរពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសការថែរក្សាបាននូវស្ថេរភាព សន្តិភាពនៅក្នុងប្រទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ច។ ឯកឧត្តម ក៏បានលើកឡើងអំពីគម្រោង នៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីរ នៃប្រទេសវៀតណាម ដោយឯកឧត្តម បានបញ្ជាក់ថា គម្រោងនៃការសាងសង់ស្តូបនេះ នឹងបង្ហាញទៅកាន់ប្រទេសជាតិ និងអន្តរជាតិ ឱ្យបានយល់កាន់តែស៊ីជម្រៅ អំពីទំនាក់ទំនងដ៏ស្អិតរមួតរវាង កម្ពុជា និងវៀតណាម នៅគ្រប់កាលៈទេសៈ ជាពិសេស ក្នុងវិស័យកងទ័ព ដែលបានតវ៉ាងើបពីអាណានិគម នាពេលកន្លងមក ។

ឯកឧត្តមក៏បាននាំនូវការអញ្ជើញរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ចំពោះសម្ដេចតេជោ ចូលរួមក្នុងទិវាអបអរសាទរថ្ងៃជ័យជំនះ៨០ឆ្នាំ នៃថ្ងៃឯករាជ្យជាតិវៀតណាម នៅពេលខាងមុខ ។

ជាការឆ្លើយតប សម្ដេចតេជោ បានផ្ដាំផ្ញើសួរសុខទុក្ខត្រឡប់ទៅវិញចំពោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាមផងដែរ។ សម្ដេចបានអរគុណដល់ភាគីវៀតណាម ដែលកន្លងទៅ បានទទួលស្វាគមន៍សម្ដេច និងប្រតិភូ ក្នុងឱកាសសម្ដេច ចូលរួមក្នុងថ្ងៃ ទិវាខួប៥០ ថ្ងៃរំដោះវៀតណាមភាគខាងត្បូង ។

សម្ដេចតេជោ បានមានប្រសាសន៍ពីទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម ជាពិសេស រំលឹកព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ឆ្នាំ២០២៥ ដែលជាខួបទី៤៧ឆ្នាំ នៃដំណើររបស់សម្ដេច ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីឈានទៅរកការរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ហើយនៅពេលខាងមុខនោះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី ។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្រាប់ខួបទី៥០ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេចនឹងអញ្ជើញទៅផ្ទាល់តែម្ដង ដើម្បីរំលឹក នូវប្រវត្តិសាស្ត្រ ក្នុងពេលដែលសម្ដេចធ្វើដំណើរចូលទៅកាន់ប្រទេសវៀតណាម ដោយយកអាយុជីវិតជាដើមទុន ដើម្បីមករំដោះប្រទេសជាតិ ។

សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងផងដែរអំពីកិច្ចសហប្រតិបត្តិការ ជាពិសេស ក្នុងវិស័យកងទ័ព ដោយកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ មានភាពស្អិតរមួត ហើយក៏ជាផ្នែកមួយនៃការជំរុញបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត ។

សម្ដេចតេជោក៏បានរំលេចផងដែរ ថា ទាក់ទងទៅនឹងការកសាងស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ដែលស្តុបនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ដែលស្នើតាំងពីមុនឆ្នាំ២០២០ គឺមុនកូវីដ១៩ ដើម្បីធ្វើយ៉ាងណា ឱ្យមានស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងប្រទេសវៀតណាម ដែលនេះ គឺជាការឆ្លុះបញ្ចាំងអំពីការដឹងគុណគ្នាទៅវិញទៅមក ។ ទាក់ទងទៅនឹងការអញ្ជើញរបស់ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម  អញ្ជើញសម្ដេច ចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃឯករាជ្យជាតិវៀតណាម សម្ដេច នឹងអញ្ជើញទៅចូលរួមនាពេលខាងមុខផងដែរ ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ក៏បានប្រាប់ទៅដល់ឯកឧត្តម អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាម  ពាក់ព័ន្ធទៅនឹងព្រំដែន កម្ពុជា-វៀតណាម ជាពិសេស ទាក់ទងទៅនឹងការបោះបង្គោលព្រំដែនដែលនៅសេសសល់ ១៦%ទៀត ដោយសម្ដេច បានជំរុញឱ្យមានការព្រមព្រៀងគ្នា និងជំរុញបន្ថែមទៀត ក្នុងការបោះបង្គោលព្រំដែន ដែលនៅសេសសល់ ឱ្យបានឆាប់នាពេលខាងមុខផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner