អ៊ីរ៉ង់ជួសជុលប្រព័ន្ធការពារដែនអាកាសឡើងវិញ ទុកប្រឆាំងអ៊ីស្រាអែល

តេហេរ៉ង់ ៖ អ៊ីរ៉ង់កំពុងជួសជុល និងរៀបចំប្រព័ន្ធការពារដែនអាកាសឡើងវិញ ក្រោយអ៊ីស្រាអែលបានបំផ្លាញកាលពីឆ្នាំមុន ដើម្បីត្រៀមខ្លួនប្រឆាំងនឹងការវាយប្រហាររបស់អាមេរិក ឬអ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែររបស់ខ្លួន នេះបើតាមសម្រង់សម្តីអ្នកវិភាគ ដែលដឹងពីការវាយតម្លៃរបស់ចារកម្មលោកខាងលិច និងរូបភាពផ្កាយរណប។

ទិន្នន័យបង្ហាញថា អ៊ីរ៉ង់បានផ្លាស់ប្តូរទីតាំងប្រព័ន្ធការពារដែនអាកាសមួយចំនួន រួមទាំងប្រព័ន្ធប្រឆាំងកាំជ្រួច S-300 ដែលផលិតដោយរុស្ស៊ី ទៅកាន់ទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួន ហើយក្នុងចំណោមនោះក៏មានកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅ Natanz និង Fordo។

នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Bagheri បាននិយាយកាលពីខែមុនថា អ៊ីរ៉ង់កំពុងពង្រឹងសមត្ថភាព និងត្រៀមខ្លួនការពារដែនអាកាស ពីការវាយប្រហារណាមួយពីសត្រូវ។ លោកថា សត្រូវរបស់អ៊ីរ៉ង់ត្រូវតែដឹងច្បាស់ថា ការបំពានណាមួយលើដែនអាកាសរបស់ប្រទេសអ៊ីរ៉ង់ នោះពួកគេនឹងប្រឈមមុខនូវការខាតបង់ធ្ងន់ធ្ងរ។

ព័ត៌មាននេះកើតឡើងក្រោយបែកធ្លាយដំណឹងថាអ៊ីស្រាអែលត្រៀមខ្លួនវាយប្រហារតាមអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកកំពុងបន្ត ដើម្បីចរចាកិច្ចព្រមព្រៀងថ្មីមួយ ក្នុងគោលបំណងការពារទីក្រុងតេហេរ៉ង់ ពីការផលិតអាវុធនុយក្លេអ៊ែរក៏ដោយ។

យ៉ាងណាមិញ អាមេរិកបាននិយាយថា អ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឲ្យចម្រាញ់ សារធាតុ អ៊ុយរ៉ាញ៉ូម ហើយនេះជាសិទ្ធិដែលទីក្រុងតេហេរ៉ង់ទទូចចង់បានដាច់ខាត។ ទន្ទឹមគ្នា រដ្ឋបាលលោកប្រធានាធិបតី Trump បានគំរាមចាត់វិធានការយោធា ប្រសិនបើកិច្ចចរចានោះបរាជ័យ៕

ប្រភព ៖ Times of Israel ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner