រថយន្តឡិចស៊ីសមួយគ្រឿង ត្រូវមនុស្ស៤នាក់អះអាងថាជាម្ចាស់ ប្រកែកគ្នាផ្អើលអ្នកដំណើរ

ភ្នំពេញ៖ រថយន្តឡិចស៊ីសRX300 មួយគ្រឿង ពាក់ព័ន្ធទៅនឹងការទិញ ជួល លក់ បង់រំលស់ ជាមួយក្រុមហ៊ុន ណំ ហម និងសេង សុភគ័ ល្បីសុះសាយទៅហើយ ជាក្រុមហ៊ុនបោកប្រាស់ប្រជាពលរដ្ឋរាប់រយនាក់រងគ្រោះ ត្រូវបានប្រទះជួបនាព្រឹកថ្ងៃទ២២ ខែឧសភា ឆ្នាំ២០១៩ នៅមុខអាកាសយានដ្ឋានពោធិ៍ចិនតុង ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហើយមានមនុស្សចំនួន៤នាក់ អះអាងថាជាម្ចាស់ បានជួល និងទិញបង់រំលស់ ពីក្រុមហ៊ុនខាងលើ ប្រកែកតឹងមាត់ដាក់គ្នាផ្អើលអ្នកដំណើរ រហូតសមត្ថកិច្ចចុះទៅអន្តរាគមន៍។ រថយន្តមួយគ្រឿងជាប់ពាក់ព័ន្ធលើកនេះម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-6210 ។

តាមស្ត្រីចំណាស់ម្នាក់ អះអាងថាជារថយន្តខ្លួន បានជួលឲ្យទៅក្រុមហ៊ុន ណំ ហម នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយជួលមិនទាន់បានលុយផង បាត់រថយន្ត បែជារកឃើញរថយន្ត ក្រុមហ៊ុន សេង សុភគ៌ យកទៅបង់រំលស់ឲ្យអ្នកផ្សេងពីម្នាក់ទៅម្នាក់បាត់។ តាមបុរសចំនួន៣នាក់ទៀត បានឲ្យដឹងថា រថយន្តឡិចស៊ីសនេះ ខ្លួនបានទិញបង់រំលស់ ពីក្រុមហ៊ុន សេង ហួត ដែលមានលោកអគ្គនាយក ឈ្មោះ សេង សុភគ៌ មានទីតាំងនៅ ផ្ទះជួល៦២៧ តាមផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយក្នុងម្នាក់ៗ បង់លុយអស់ចំនួនជិត១ម៉ឺនដុល្លាទៅហើយ។

ដោយផ្ទុះរឿងករណី ទិញ លក់ ជួល បង់រំលស់ រថយន្ត ពីក្រុមហ៊ុន សេង ហួត និងក្រុមហ៊ុន ណំ ហម សុទ្ធតែក្រុមហ៊ុនឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លាររហូតដល់សមត្ថកិច្ច ចាប់ខ្លួនបាន ជនសង្ស័យអគ្គនាយក សេង សុភគ៌ ឡើងតុលាការ ឃុំខ្លួនដាក់គុកបាត់ទៅហើយ តែរថយន្ត នៅតែឃើញ ជាបន្តបន្ទាប់មួយគ្រឿង ម្ចាស់ពី៣នាក់ទៅ៦នាក់។

ក្រោយពីមនុស្ស៤នាក់ ឆ្លើយជាម្ចាស់រថយន្តឡិចស៊ីស ខាងលើ សមត្ថកិច្ចហៅនាំអ្នកពាក់ព័ន្ធ រថយន្តទៅសម្របសម្រួលនៅប៉ុស្តិ៍កាកាប១ ផ្ទៀងផ្ទាត់ឯកសារ ម្ចាស់រថយន្តម្នាក់ឈ្មោះ ហៀង វីរៈ អាយុ៣៧ មានទីលំនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ មានដីកាសម្រេចពីតុលាការ សុំប្រើប្រាស់រថយន្តមួយគ្រឿងខាងលើ ទើបសមត្ថកិច្ច ប្រគល់រថយន្តឡិចស៊ីស RX300 មួយគ្រឿងខាងលើ ទៅឲ្យម្ចាស់អ្នកប្រើប្រាស់បច្ចុប្បន្ន ប្រើជាបន្តទៀត ដើម្បីបញ្ចប់រឿង ហើយក្នុងករណីអ្នកអះអាងថាជាម្ចាស់ មិនសុខចិត្តយ៉ាងណា ទៅដាក់ពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner