ទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាលើកទឹកចិត្តឱ្យក្រុមហ៊ុនឥណ្ឌូនេស៊ី កាន់តែច្រើនធ្វើអាជីវកម្មនៅកម្ពុជា
(ភ្នំពេញ)៖ យើងមានបំណងបង្កើនវត្តមានផលិតផលឥណ្ឌូនេស៊ីបន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា បង្កើនការយល់ដឹងក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជាអំពីម៉ាកយីហោ និងគុណភាពរបស់ឥណ្ឌូនេស៊ី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនឥណ្ឌូនេស៊ី កាន់តែច្រើនធ្វើអាជីវកម្មនៅទីនេះ” ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ។

បញ្ជាក់នៅក្នុងវេទិកាក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតឥណ្ឌូនេស៊ី ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី និងការអភិវឌ្ឍនៅកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូនេស៊ី ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានថ្លែង ពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីបានកើនលើស ១ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលឯកឧត្តមសង្ឃឹមថានឹងកើតឡើងម្តងទៀតនៅក្នុងឆ្នាំ២០២៥នេះ។

ឯកឧត្តមបានលើកឡើង ពីវេទិកានេះ “Sousdey Indonesia” ដែលជាការតាំងពិពណ៌ឥណ្ឌូនេស៊ីដ៏ធំបំផុតនៅកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅកោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះនឹងបង្ហាញផលិតផល សេវាកម្ម ម្ហូបអាហារ វប្បធម៌ និងទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី។ វាក៏នឹងផ្តល់ព័ត៌មានអំពីឱកាសសិក្សាសម្រាប់និស្សិតកម្ពុជានៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានពន្យល់ថា “វានឹងក្លាយជាព្រឹត្តិការណ៍ដ៏រីករាយ និងប្រកបដោយផលិតភាពសម្រាប់សាធារណជន។ នាំក្រុមគ្រួសាររបស់អ្នកមកទស្សនា និងទិញ”។

ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា៖”យើងកំពុងធ្វើការណែនាំនូវផលិតផលជាច្រើនរបស់ឥណ្ឌូនេស៊ីនៅប្រទេសកម្ពុជា។ យើងនឹងធ្វើសកម្មភាពការតាំងពិព័រណ៍ ដើម្បីបង្ហាញផលិតផលចាស់ និងផលិតផល ថ្មីឱ្យបងប្អូនកម្ពុជាបានស្កាល់។ ក្រៅពីនេះយើងនឹងធ្វើទស្សនៈកិច្ចការងារ អំពីក្រុមអ្នកវិនិយោគ អ្នកពាណិជ្ជកររបស់កម្ពុជាចូលរួម ក្នុងការតាំងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូនេស៊ី ដែលតែងតែធ្វើរៀងរាល់ឆ្នាំ ។ក្រៅពីនេះយើងនឹងធ្វើការបង្ហាញផលិតផលកម្ពុជាទៅកាន់ឥណ្ឌូនេស៊ី និងក៏ដូចជាបង្ហាញផលិតផលឥណ្ឌូនេស៊ីឱ្យបងប្អូនកម្ពុជាបានឃើញដូចគ្នា”។

ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ ថា នាពេលនេះប្រទេសឥណ្ឌូនេស៊ីកំពុងរកមធ្យោបាយដើម្បីនាំផលិតផល កម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី ។ ជាមួយគ្នាឥណ្ឌូនេស៊ី នឹងខិតខំណែនាំផលិតផលកម្ពុជាទាំងប៉ុន្មានដើម្បីឱ្យពលរដ្ឋឥណ្ឌូនេស៊ីបានស្គាល់ដូចគ្នា៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ វេង លឹមហួត
