Nokia និង Nvidia សហការផលិត Droneទុកការពារអឺរ៉ុប

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទ Nokia និង ក្រុមហ៊ុនផលិតបន្ទះឈីប អាមេរិក Nvidia បានចូលរួមផលិតយន្តហោះគ្មានមនុស្សបើក ឬ Drone ប្រើប្រាស់ដើម្បី ទុកការពារសហភាពអឺរ៉ុប។

ទីភ្នាក់ងារព័ត៌មាន CNA បានចុះផ្សាយ នៅថ្ងៃពុធទី៤ ខែមិថុនានេះថា គម្រោងនេះ ផ្តល់មូលនិធិ ដោយសហភាពអឺរ៉ុប។ សម្ព័ន្ធនៃអង្គការជាង៤២ ដឹកនាំដោយក្រុមហ៊ុន Nokia នឹងធ្វើការលើគម្រោងយន្តហោះគ្មានមនុស្សបើក ដែលមានគោលបំណងការពារ និងពង្រឹងភាពធន់ នៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់អឺរ៉ុប។

សមាជិកដែលរួមមានទាំង ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ច ឬ Start Up ព្រមទាំង អាជីវកម្ម និងសាកលវិទ្យាល័យនានា នឹងបង្កើតសមត្ថភាពថ្មី ដូចជា ឧបករណ៍ចាប់សញ្ញាឡាស៊ែរ ឬ រ៉ាដា លើយន្តហោះគ្មានមនុស្សបើក ដែលផលិតឡើងដោយក្រុមហ៊ុនការពារជាតិរបស់អឺរ៉ុប។

គម្រោងនេះ ក៏ត្រូវបានផ្តល់មូលនិធិ មួយផ្នែក ដោយបណ្តាប្រទេសចូលរួម, ក្រុមហ៊ុន និងសហភាពអឺរ៉ុបក្រោមកម្មវិធី Chips Joint Undertaking ដែលអនុញ្ញាតឱ្យប្រទេសមិនមែនសហភាពអឺរ៉ុប ដូចជា អ៊ីស្រាអែល ចូលរួមផងដែរ។ ក្នុងចំណោមក្រុមហ៊ុនដែលចូលរួមក្នុងការបណ្តាក់ទុននោះ រួមទាំងមាន Nvidia និងក្រុមហ៊ុនការពារអឺរ៉ុប Safran, Leonardo និង Saab។

លោក Thomas Eder ប្រធានគម្រោងនៅ Nokia បាននិយាយនៅក្នុងបទសម្ភាសន៍ មួយថា «ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ តែងតែមិនមែនជារឿងអាទិភាព ដំបូងទេ ខណៈដែលការផ្តល់ហិរញ្ញប្បទានពីសហភាពអឺរ៉ុប សម្រាប់ការបណ្តាក់ទុន ស្រដៀងគ្នានេះ មិនបានកើតឡើង កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះឡើយ»។

តែ អ្នកនាំពាក្យរបស់ Nokia បាននិយាយថា Nokia កំពុងសម្លឹងរកការធ្វើការងារ បន្ថែមទៀត ជុំវិញការការពារជាតិ ខណៈដែលនាយកប្រតិបត្តិថ្មី របស់ខ្លួនបានកំណត់វិស័យនេះថា ជាវិស័យអាទិភាពមួយ របស់ក្រុមហ៊ុន រួម ជាមួយមជ្ឈមណ្ឌលទិន្នន័យ និង AI ។

ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនបានបង្ហាញ ពីអសមត្ថភាពរបស់សហភាពអឺរ៉ុប ក្នុងការការពារប្រព័ន្ធសំខាន់ៗរបស់ខ្លួន ដែលទាមទារឲ្យបង្កើនសមត្ថភាពរបស់យន្តហោះគ្មានមនុស្សបើក បង្ការទប់ស្កាត់ ការបំផ្លិចបំផ្លាញយ៉ាងជ្រៅ នៅក្នុងទឹកដីរបស់ខ្លួន នេះបើតាម CNA ដដែល៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner