ម៉ាឡេស៊ីផ្តួលថៃក្លាយជាជើងឯកវិស័យទេសចរណ៍នៅអាស៊ាន
គូឡាឡាំពួរ ៖ ម៉ាឡេស៊ីបានវ៉ាដាច់ថៃក្លាយជាជើងឯកវិស័យទេសចរណ៍នៅអាស៊ាន ក្រោយប្រទេសនេះ បានស្រូបទាញភ្ញៀវទេសចរបរទេសដល់ទៅ ១០.១លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសទទួលបានអ្នកទេសចរច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ ដោយសារគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការរបស់ខ្លួន។

យោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយសារព័ត៌មាន VNExpress បានឱ្យដឹងថា ប្រទេសថៃដែលគ្រងតំណែងជើងឯកអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ២វិញម្តង ជាមួយនឹងចំនួនភ្ញៀវទេសចរ ៩.៥៥លាននាក់ តាមពីក្រោយដោយវៀតណាមមានចំនួន ៦លាននាក់ និងសិង្ហបុរីចំនួន ៤.៣១លាននាក់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក Datuk Seri Saifuddin Nasution Ismail បាននិយាយថា ប្រទេសម៉ាឡេស៊ីថ្មីៗនេះបានប្រកាសពន្យារពេលលើកលែងទិដ្ឋាការ សម្រាប់អ្នកដំណើរចិនរយៈពេល ៥ឆ្នាំទៀត ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេល ៥ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ២០៣៦។
ជាងនេះទៅទៀត ម៉ាឡេស៊ីក៏បានពង្រីកការចូលដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរឥណ្ឌារហូតដល់ឆ្នាំ២០២៦ផងដែរ ស្របពេលដែលប្រទេសថៃបានរងគ្រោះដោយវិបត្តិទេសចរណ៍ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ពិសេសបន្ទាប់ពីការចាប់ពង្រត់តារាសម្ដែងចិន Xing Xing កាលពីខែមករា ដេលធ្វើឱ្យចំនួនភ្ញៀវបរទេសធ្លាក់ចុះយ៉ាងគំហុក៕
ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា
