មូលដ្ឋានទ័ពអាមេរិកសម្រុកដកចេញពីស៊ីរី
បរទេស៖ ប្រេសិតអាមេរិក ប្រចាំស៊ីរី បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិកបានចាប់ផ្តើមសម្រុកកាត់បន្ថយវត្តមានយោធា របស់ខ្លួន នៅក្នុងប្រទេសស៊ីរី ដោយរក្សាទុក មូលដ្ឋានទ័ពត្រឹមតែមួយ ប៉ុណ្ណោះ នៅទីនោះ។
៦ខែ បន្ទាប់ពីការទម្លាក់ មេដឹកនាំស៊ីរី ដ៏យូរ លោក បាសា អាល់ អាសាត (Bashar al-Assad) សហរដ្ឋអាមេរិកកំពុងដកខ្លួនចេញជាលំដាប់ នូវវត្តមានកម្លាំង OIR ជាក្រុមយោធាដែលបានចាប់ផ្តើមធ្វើប្រតិបត្តិការតាំងពីឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។
បេសកជនអាមេរិក ប្រចាំប្រទេសស៊ីរី លោក ថម បារ៉ាក់ (Tom Barrack) បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ NTV របស់ប្រទេសទួកគី កាលពីល្ងាចថ្ងៃចន្ទថា «យើងដកមូលដ្ឋាន ពី៨ មកនៅសល់៥ , ៣ ហើយ នៅទីបំផុត យើងនឹងសល់ តែ១»។
ប៉ុន្តែ លោកបានសារភាពថា ប្រទេសស៊ីរី នៅតែប្រឈមមុខនឹងបញ្ហាសន្តិសុខធំៗ ក្រោមការដឹកនាំបណ្តោះអាសន្ន ទោះបីជាមានការបណ្តេញលោក អាសាត (Assad) បញ្ចប់សង្គ្រាមស៊ីវិល ១៤ឆ្នាំ ក៏ដោយ។ កាលពីខែមេសា អាមេរិកថា ទាហានរបស់ខ្លួនជាង ពាក់កណ្តាល នឹងត្រូវដកចេញពីស៊ីរី ក្នុងពេលប៉ុន្មានខែខាងមុខ ដោយរក្សាទុក មិនដល់១,០០០នាក់៕
ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត