ឆ្នាំក្រោយ អង់គ្លេសសន្យាជួយយន្តហោះដ្រូន ១០ ម៉ឺនគ្រឿងដល់អ៊ុយក្រែន

ឡុងដ៍ ៖ ចក្រភពអង់គ្លេសបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ឬដ្រូនចំនួន ១០០.០០០គ្រឿងដល់អ៊ុយក្រែន នៅត្រឹមខែមេសា ឆ្នាំ២០២៦ តួលេខនេះ ច្រើនជាងមុន ១០ដង។

កញ្ចប់ជំនួយដ្រូនតម្លៃ ៤៧៣លានដុល្លារនេះ គឺគំនិតផ្តួចផ្តើមកើតចេញពីផ្នែកមួយនៃកញ្ចប់ជំនួយយោធាដ៏ធំជាង ៦ពាន់លានដុល្លារ ដែលមានគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ចំពេលកំពុងមានការឈ្លានពានពីរុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey បានប្រកាសផែនការនេះ នៅមុនកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលមានការចូលរួមពីប្រទេសចំនួន៥០ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។

បន្ថែមពីលើការចែកចាយយន្តហោះដ្រូន អង់គ្លេសបានបញ្ចប់ការបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១៤០.០០០គ្រាប់ទៅកាន់អ៊ុយក្រែន គិតចាប់តាំងពីខែមករា ហើយនឹងបែងចែកប្រាក់បន្ថែមចំនួន ៣៣៣លានដុល្លារនៅឆ្នាំនេះ ដើម្បីបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន។

គួរកត់សម្គាល់ ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រលោកខាងលិចដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន ហើយក៏កំពុងរៀនសូត្រពីការតស៊ូប្រយុទ្ធជាងបីឆ្នាំរបស់ទីក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ ក្នុងអំឡុងសមរភូមិសង្គ្រាមយន្តហោះដ្រូន៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner