បង្កាត់ពូជសត្វត្រដក់ធំបានកូន ២ក្បាលយ៉ាងជោគជ័យ

(ភ្នំពេញ)៖មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)​បានធ្វើការ​បង្កាត់​ត្រដក់​ធំមួយគូដែលគេបានចិញ្ចឹមថែទាំទុក ដោយក្នុងនេះទទួលបានកូនត្រដក់ធំចំ​នួន​ពីរ​ក្បាលយ៉ាងជោគជ័យ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងនៅថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ ២០២៥ថា”ពេលនេះពួកកូនត្រដក់ធំទាំងនេះ វាអាចហើរបានហើយ ។នេះជា​សមិ​ទ្ធផល​ដ៏សំខាន់មួយដែលបានបញ្ជាក់ឱ្យឃើញថាការខិតខំប្រឹងប្រែងក្នុងការអភិរក្ស​របស់ពួកយើងកំពុងតែបន្តសម្រាប់ប្រភេទដ៏អស្ចារ្យនេះ”។

នេះមិនមែនជាការព្យាយាមបង្កាត់ពូជជាលើកដំបូងរបស់ពួកវានោះទេពោលគឺកាលពីក្នុងឆ្នាំ២០២៣ និងឆ្នាំមុន ២០២៤ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ​បាន​ធ្វើ​ការភ្ញាស់ដោយជោគជ័យពូជសត្វត្រដក់ធំម្តងរួចមកហើយ ប៉ុន្តែជាអកុសល​កូនត្រដក់ទាំងនោះមិនបានរស់រានមានជីវិតឡើយ។ ដោយបទពិសោធន៍នេះ​ហើយ​បានបង្ហាញឱ្យឃើញនូវបញ្ហាប្រឈមក្នុងការអភិរក្សបង្កាត់ពូជ។

សម្រាប់កូនត្រដក់ដែលទើបតែកើតថ្មី ហើយរៀនហើរទាំងនោះ ស្ថិតនៅក្រោមការ​មើល​ថែទាំដោយមេបារបស់ពួកវានៅឡើយ។ ដោយមានការគាំទ្រពីរដ្ឋាភិបាល និង​អង្គការ​ដៃគូអភិរក្ស កូនត្រដក់ទាំងនេះនឹងត្រូវលែងចូលទៅក្នុងតំបន់ការពារ​វិញ​នៅ​ក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងឱ្យមានស្ថិរភាពនូវចំនួនប្រជាសាស្ត្ររបស់ពួកវាបន្ថែម​ទៀតនៅក្នុងព្រៃធម្មជាតិ ។នេះក៏ជាការពង្រឹង និង ក៏ដូចជា ការអភិរក្សរបស់ប្រទេស​កម្ពុជាសម្រាប់សត្វដ៏កម្រទាំងនេះឱ្យមានចំនួនកាន់តែច្រើនក្នុងប្រទេសកម្ពុជា។

កាលពីឆ្នាំ២០២៣ សត្វត្រដក់ធំនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុះក្នុងបញ្ជីក្រហម​ពីរ​ប្រភេទ​កំពុងរងគ្រោះជិតផុតពូជទៅជាប្រភេទជិតទទួលរងគ្រោះជាក្រុម​មាន​ដោយ​បង្គួរ។សកម្មភាពអភិរក្សដែលប្រព្រឹត្តទៅបានដោយជោគជ័យ ដែលបានធ្វើឱ្យកើន​ឡើងនូវចំនួនប្រជាសាស្ត្រទាំងពីរតំបន់នៅក្នុងប្រទេសកម្ពុជា និងនៅភូមិភាគ​ឦសាន​ក្នុងប្រទេសឥណ្ឌា។

ទោះបីជាយ៉ាងណាក៏ដោយ សត្វត្រដក់ធំត្រូវបានគេប៉ាន់ប្រមាណថាចំនួន​ប្រជា​សាស្រ្ត​​សរុបជាសកលមានត្រឹមតែ ៣១៨០-៣៣០០ ក្បាលប៉ុណ្ណោះ ដោយក្នុង​នោះប្រហែលជា ៧៥០ ក្បាលមាននៅក្នុងប្រទេសកម្ពុជា។ការបន្តកិច្ចខិតខំ​ប្រឹង​ប្រែងក្នុងការអភិរក្សគឺមានសារសំខាន់ខ្លាំងណាស់នៃសត្វដ៏កម្រទាំងនេះ។

គួរបញ្ជាក់ថាសត្វត្រដក់ធំ មានបណ្តោយខ្លួនធំ ឆ្នូតបណ្ដោយកណ្ដាលផ្ទាំងស្លាបលើ ពណ៌ប្រផេះ មានរោមសនៅគល់ក និងថង់យាមមួយនៅករបស់វា។ ចំណីរបស់​វា​មាន ត្រី កណ្តុរ កង្កែប ពពួកល្មូនជាដើម និងជួនកាលស៊ីសាកសព ឬគមរង់ផ្សេងៗ ហើយនៅរដូវពងកូន ពេលខ្លះវាចាប់កូនសត្វ ស្លាបដទៃស៊ីជាអាហារ។សត្វប្រភេទ​នេះ​ភាគច្រើនរស់នៅតាមតំបន់ព្រៃរនាម តំបន់ដីសើម និងព្រៃល្បោះ មានបន្ទាយពង​កូនយ៉ាងធំ នៅតំបន់ព្រែកទាល់បឹងទន្លេសាប ដែលជាបន្ទាយពងកូនធំជាងគេបំផុត​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជា បន្ទាយពងកូនធំជាងគេទីពីរលើពិភពលោក៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner