រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ត្រីឱ្យបង្ហាញភាពជាគំរូក្នុងការអនុវត្តច្បាប់ និង​រក្សានីតិរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់​ធ្ងន់​ពី​សារៈសំខាន់នៃការអនុវត្តច្បាប់ដោយ តម្លាភាព និងគ្មានការលើកលែង ចំពោះបទ​ល្មើស​ទាំងឡាយណាដែលផ្ទុយពីឆន្ទៈនៃច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ។ ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការតម្រង់ទិសលើការអនុវត្តច្បាប់ចំពោះបទល្មើស​ធនធា​ន​ធម្មជាតិក្នុងតំបន់ការពារធម្មជាតិ» កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ត​ម​រដ្ឋ​មន្ត្រី​បានជំរុញឱ្យមន្ត្រីមាន ភាពក្លាហានក្នុងការអនុវត្តច្បាប់ ទោះបីត្រូវប្រឈមនឹង​ការ​មិនពេញចិត្តពីជនល្មើសក៏ដោយ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មន្ត្រីរាជការក្រសួងបរិស្ថានត្រូវតែ បង្ហាញភាពជាគំរូ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ស្របតាមអនុសាសន៍ណែនាំ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​។ នេះហើយគឺជា ក្រមសីលធម៌ ក្នុងនាមជាមន្ត្រីរាជការ ដែលទទួលប្រាក់បៀវត្ស​ពី​រដ្ឋា​ភិបាល ហើយប្រាក់ទាំងនោះបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាងផងដែរថា ក្រសួងបរិស្ថាននឹង ការ​ពា​រ​ចំពោះមន្ត្រីគ្រប់រូប ដែលបានអនុវត្តស្របតាមច្បាប់ក្រមបរិស្ថាន និងធន​ធាន​ធម្ម​ជាតិ​។

ឯកឧត្តមបានលើកឡើងពីឧទាហរណ៍ជាក់ស្តែងក្នុងជំហានទី១នៃភាពស្អាតនៅលើគោក និងកំពុងបន្តយ៉ាងសកម្មភាពនូវភាពស្អាតក្នុងទឹក ដែលបានអនុវត្តច្បាប់​យ៉ាង​ខ្ជាប់ខ្ជួនចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងឡាយណា ដែលបាន​បញ្ចេញទឹក​កខ្វក់ខុសច្បាប់។ ការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនេះ បានទទួលបានការគាំទ្រ​ពេញទំហឹង​ពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ឈរលើភាពជោគជ័យនេះហើយ ដែលជាកម្លាំងចិត្តរុញច្រានឱ្យការងារ សុក្រឹត្យកម្មបរិស្ថានកិច្ច សម្រេចទៅបានជាជំហានៗ និងជាដំណាក់កាល ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយសបំផុតជូនចំពោះប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវ នីតិរដ្ឋ។

នេះជាការទទួលខុសត្រូវដ៏ធំធេងដែលទាមទារ ភាពស្មោះត្រង់ និងសុចរិតភាព នៅក្នុងការបំពេញការងារឱ្យមានការវិវឌ្ឍទៅមុខជានិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី​ក៏បាន​អំពាវនាវឱ្យមាន សាមគ្គីភាពផ្ទៃក្នុង រវាងមន្ត្រីរាជការទាំងអស់។ ការសាមគ្គីនេះ​ទៀតសោត គឺដើម្បី តម្កល់ផលប្រយោជន៍ជាតិ ការពារ សុខុមាលភាពប្រជាពល​រដ្ឋកម្ពុជា និងថែរក្សា សុខភាពបរិស្ថាន ឱ្យបានគង់វង្ស ធានាបាននូវភាពស្អាត ភាព​បៃតង និងចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍​ដល់​ជាតិមាតុភូមិ៕

ដោយ ៖ ង៉ាន់ ទិត្ត

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner