លោក Trump ហាម១២ប្រទេសមិនឲ្យចូលដីអាមេរិក
បរទេស៖ លោក Trump ប្រធានាធិបតីអាមេរិក កាលពីថ្ងៃពុធ បានចុះហត្ថលេខា លើបម្រាមធ្វើដំណើរ មកពីប្រទេស ចំនួន១២ បន្ទាប់ពីការវាយប្រហារ នៅរដ្ឋ Colorado។
បំរាមនេះ ត្រូវបានជំរុញឲ្យមាន ដោយសារតែការវាយប្រហារ លើការតវ៉ា របស់ជនជាតិជ្វីហ្វ ក្នុងរដ្ឋ Colorado ថ្មីៗនេះ ដោយអាជ្ញាធរថា ជនសង្ស័យបានរស់នៅក្នុងប្រទេស ដោយខុសច្បាប់។
ការហាមប្រាមនេះ មានលក្ខណៈស្រដៀង នឹងវិធានការធ្លាប់ត្រូវបានធ្វើឡើង ក្នុងអាណត្តិប្រធានាធិបតីទីមួយ របស់លោកដែរ។
សេតវិមានបាននិយាយថា បំរាមជាថ្មី ក្នុងអាណត្តិនេះ សំដៅលើជនជាតិ អាហ្វហ្គានីស្ថាន ភូមា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រ-ហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និង យេម៉ែន ដោយគ្រោងនឹងចូលជាធរមាន នៅថ្ងៃទី ៩ ខែមិថុនា។
សេតវិមានបាននិយាយថា លោក Trump ក៏បានដាក់បម្រាមមួយផ្នែក លើអ្នកដំណើរមកពីប្រទេសចំនួន៧ ផ្សេងទៀតផងដែរ មានដូចជា ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និង វ៉េណេស៊ុយអេឡា។
លោក Trump បាននិយាយថា «ការវាយប្រហារភេរវកម្ម នាពេលថ្មីៗនេះ នៅទីក្រុង Boulder រដ្ឋ Colorado បានគូសបញ្ជាក់ពីគ្រោះថ្នាក់ខ្លាំងដល់ប្រទេសរបស់យើង ដោយសារការហូរចូល របស់ជនបរទេស ដែលមិនត្រូវបានត្រួតពិនិត្យ ឱ្យបានត្រឹមត្រូវ..យើងមិនចង់បានពួកគេទេ»។
គួរបញ្ជាក់ថា ជនសង្ស័យ Mohammed Sabry Soliman ត្រូវបានគេចោទប្រកាន់ថា បានគប់គ្រាប់បែកភ្លើង និងបាញ់សាំងដុត ទៅលើក្រុមមនុស្ស ដែលបានប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីគាំទ្រចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវចាប់ពង្រត់ ដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
