លោក Elon Musk ដៀលច្បាប់ថវិការបស់លោក Trump ថា គួរឲ្យស្អប់ខ្ពើមខ្លាំង
បរទេស៖ លោក Elon Musk បានដៀលច្បាប់ថវិកា របស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលមានចែងពីការកាត់បន្ថយពន្ធរាប់លានដុល្លារ និង បង្កើនការចំណាយ លើវិស័យការពារជាតិ គឺជាច្បាប់ដ៏គួរឱ្យស្អប់ខ្ពើម នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃពុធ ទី៤ ខែមិថុនា។
ច្បាប់ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ចីប្រាក់បន្ថែមទៀត មួយនេះ ត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត កាលពីខែមុន ដោយត្រូវបញ្ជូនបន្ត ទៅព្រឹទ្ធសភា។ ច្បាប់នេះ ក៏មានចែងពីការពង្រីក ការកាត់បន្ថយពន្ធផ្ទាល់ខ្លួន ដែលធ្លាប់បានអនុវត្ត នៅក្នុងអាណត្តិដំបូង របស់លោក Trump ហើយក៏បានលើកលែងពន្ធ លើព័ត៌មានជំនួយ និងប្រាក់បន្ថែមម៉ោង ដែលរកបានដោយកម្មករនៅភោជនីយដ្ឋាន ផងដែរ។ ច្បាប់នេះ ក៏មានចែងពីការផ្តល់មូលនិធិ ដល់ការនិរទេសដ៏ធំ របស់រដ្ឋបាល លោក Trump ទៅលើក្រុមជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ ផងដែរ។
លោក Musk បាននិយាយ នៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារថា គឺជារឿងគួរឱ្យខឹងសម្បារ និងអាមាស់ ដែលសមាជិកសភា បានអនុម័តច្បាប់នេះ។ លោកបានហៅច្បាប់នេះថា ពោរពេញដោយ «សាច់ជ្រូក» ដែលចង់សំដៅលើព្រមចំណាយខ្ចះខ្ចាយលើគម្រោងនានានៅក្នុងមណ្ឌលបោះឆ្នោត របស់សមាជិកសភា។ លោក Musk បានអះអាងថា ច្បាប់នេះនឹងបង្កើនឱនភាពថវិកា ដ៏មហិមា ថែមទៀត ហើយនឹងដាក់បន្ទុកដល់ពលរដ្ឋអាមេរិក ជាមួយនឹងបំណុល ដែលមិនស្ថិតស្ថេរ។
ការរិះគន់ធ្ងន់ៗនេះ បានធ្វើឡើង ក្រោយពេលដែលមហាសេដ្ឋីបច្ចេកវិទ្យា រូបនេះ បានចាកចេញ ពីរដ្ឋបាលរបស់លោក Trump កាលពីសប្តាហ៍មុន បន្ទាប់ពីធ្វើការរយៈពេល១២៩ថ្ងៃ ដើម្បីកាត់បន្ថយការចំណាយ ក្នុងនាមជាក្បាលម៉ាស៊ីននាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក ហៅកាត់ថា Doge ។ នេះមិនមែនជាលើកទីមួយទេ ដែលលោក Musk បាននិយាយរិះគន់ច្បាប់នេះ។ លោក
ធ្លាប់បាននិយាយ នៅក្នុងបទសម្ភាសន៍មួយ កាលពីខែមុនដែរថា «ច្បាប់នេះ ធ្វើឱ្យខូចដល់ការងារ ដែលក្រុម DOGE កំពុងធ្វើ»។
ឆ្លើយតបនឹងការរិះគន់ លេខាធិការសារព័ត៌មានប្រចាំសេតវិមាន លោកស្រី Karoline Leavitt បានច្រានចោលការលើកឡើង របស់លោក Elon Musk ដោយបញ្ជាក់ថា លោកប្រធានាធិបតីដឹងថា លោក Elon Musk ចង់បានអ្វី ពីការតវ៉ាជំទាស់ តែ ការរិះគន់នេះ មិនផ្លាស់ប្តូរគំនិត របស់ប្រធានាធិបតីនោះទេ។
លោក Donald Trump ធ្លាប់បានថ្លែងចាត់ទុកច្បាប់ ថវិកានេះ គឺអស្ចារ្យខ្លាំងណាស់ បើទោះបីជាមានការប៉ាន់ប្រមាណថា នឹងបង្កើនឱនភាពថវិកា ប្រហែល៦០០ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ បន្ទាប់ ក៏ដោយ៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត
