ព្រះមហាក្សត្រ ស្ដេចយាងប្រារព្ធព្រះរាជពិធី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ ប្រយុទ្ធប្រឆាំង ការ បំពុល ដោយប្លាស្ទិក

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សព្វព្រះរាជហឫទ័យស្តេចយាងប្រារព្ធ ព្រះរាជពិធី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ រៀប ចំឡើងដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំង ការ បំពុល ដោយប្លាស្ទិក (Beat Plastic Pollution) នៅបរិវេណពហុកីឡដ្ឋានមរតកតេជោ ។ នេះជាឆ្នាំដំបូងហើយ ដែលព្រះរាជពិធី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ត្រូវបានប្រារព្ធ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ដែលជា ការបង្ហាញឱ្យឃើញ ពីការយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង លើបញ្ហាបរិស្ថាន ។

ក្នុងព្រះរាជពិធីនេះ ក៏មានព្រះវត្តមាន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ វត្តមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះ មហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ព្រមទាំងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធ សភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត ក៏ដូចជាមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្ស និស្សិតយ៉ាងច្រើនកុះករ ។

ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការ សហប្រជាជាតិ នៅ ឆ្នាំ១៩៧២ ក្នុងឱកាសសន្និសីទស្តីពីបរិស្ថានមនុស្ស នៅទីក្រុងស្តុក ខូម ប្រទេសស៊ុយអែត ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃ ប្រារព្ធ ពិធី។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោក តាំង ពីឆ្នាំ១៩៩៣ និងប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកបញ្ចូលគ្នា ជារៀង រាល់ឆ្នាំ ។ ទិវាបរិស្ថានជាតិ ត្រូវបានចារឹក ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែល បានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះ ករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រធាន «ប្រយុទ្ធប្រឆាំង ការ បំពុល ដោយប្លាស្ទិក (Beat Plastic Pollution)» នៃទិវាបរិស្ថានជាតិ និងពិភពលោកនាឆ្នាំ បានគូសរំលេចពីបញ្ហាប្លា ស្ទិកនៅក្នុងសង្គមកម្ពុជា ដើម្បីទាញការចាប់អារម្មណ៍ក្នុងព្រះរាជពិធី ។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា បច្ចុប្បន្ន ផលិតផលប្លាស្ទិកជាង ៤០០ លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២ភាគ រយ ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩ភាគរយ ប៉ុណ្ណោះត្រូវបាន ធ្វើការ កែច្នៃឡើងវិញ។ ចំណែកប្លាស្ទិកដែលនៅសល់ គឺត្រូវបានបោះចោល នៅទី លាន ចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។ ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថា បរិមាណ សំណល់ប្លាស្ទិកដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើន ឡើង ជិតបីដង ប្រមាណពី ១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ ២៩លានតោន ក្នុងឆ្នាំ២០៤០។

ឯកឧត្តម រដ្ឋមន្ត្រីបរិស្ថាន បានបន្តថា អ្វីដែលគួរឱ្យបារម្ភបំផុត នោះ គឺ ប្លាស្ទិកបានបំបែកខ្លួន ក្លាយជាបំណែកតូចៗហៅថា មីក្រូប្លាស្ទិក និង ណា ណូប្លាស្ទិក កំពុងបំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ ភាវៈ មានជីវិតទាំងនៅក្នុងទឹកនិងលើគោក។ បំណែកប្លាស្ទិកទំាងនេះ ត្រូវបាន រក ឃើញនៅក្នុងសរសៃឈាមអាកទែរ សួតនិងខួរក្បាលរបស់មនុស្ស និងសូម្បីតែនៅក្នុងទឹកដោះម្ដាយ ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានក្រសួងបរិស្ថានជា សេនា ធិការ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកម្មវិធី នយោបាយបរិស្ថាន «ភាព ស្អាត លើដី» ដែលជាកម្មវិធីផ្តោតសំខាន់លើការគ្រប់គ្រងសំរាម សំណល់រឹង ពិសេសសំណល់ប្លាស្ទិក និងការធ្វើអនាម័យបរិស្ថាន ។

ឯកឧត្តម អ៊ាង សុផល្លែត បន្ថែមថា តាមរយៈកម្មវិធីនយោបាយ «ភាពស្អាតលើដី» ក្រសួងបរិស្ថាន បានដាក់ ចេញ នូវ យុទ្ធ នាការដូចជា ថ្ងៃនេះ ខ្ញុំមិន ប្រើថង់ប្លា ស្ទិក ទេ!» «កម្ពុជា ស្អាត ខ្មែរធ្វើបាន!» និង «ផ្លូវជាតិ គ្មាន សំណល់ ប្លាស្ទិក។ យុទ្ធនាការ ទាំង នេះ គឺជាការបំផុសស្មារតី និងជំរុញ ទឹកចិត្តសាធារណជនគ្រប់រូបឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងរួមគ្នាសម្អាតបរិស្ថាននៅតាមលំនៅឋាន ភូមិឋាន ទីសាធារណៈ និង តាមផ្លូវជាតិនានា។ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានប្រជា ពល រដ្ឋ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធជាង ១១លានអង្គ/នាក់ បានប្តេជ្ញាចិត្តមិន ប្រើ ប្រាស់ថង់ប្លាស្ទិក។ ជាង៦លានអង្គ/នាក់ បានចូលរួមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» ផ្លូវជាតិ ៥០ខ្សែ ស្មើនឹង ៧៣,៥% នៃចំនួន ផ្លូវ ជាតិសរុប ៦៨ខ្សែ ត្រូវបានសម្អាត។ យុទ្ធនាការទាំងនេះ បានក្លាយជា ចល នាជាតិមួយដ៏សំខាន់ ដែលកំពុងផ្លាស់ប្តូរឥរិយាបថប្រជាជនក្នុងការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក។

ឯកឧត្តម រដ្ឋមន្ត្រីបរិស្ថាន បានបន្តថា ការនាំចូល ថង់ ប្លាស្ទិក បានថយចុះរហូតដល់ ៨៨% ធៀបនឹងឆ្នាំ២០២៣។ ស្របជាមួយយុទ្ធនាការ យើងក៏បានបន្តកសាងប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងឱ្យកាន់តែប្រសើរឡើង ដោយបានបន្តធ្វើការពង្រឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តិនានា ពិសេសការគ្រប់គ្រង ការផលិត ការនាំចូល ការចែកចាយ និងការប្រើ ប្រាស់ ប្លាស្ទិកប្រើតែមួយដង (Single used plastic)។ មិនតែប៉ុណ្ណោះ ក្រសួង ក៏បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ អាជីវករ ផ្លាស់ប្តូរមក ប្រើ ប្រាស់សម្ភារវេចខ្ចប់ដែលផលិតពីវត្ថុធាតុដើមធម្មជាតិ ឬផលិតផល បរិស្ថាន ដែលអាចប្រើប្រាស់ឡើងវិញ។

ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងផងដែរថា ក្រសួងក៏បានធ្វើការ យ៉ាង ជិតស្និទ្ធ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការពង្រឹង ការប្រមូល ជំរុញការញែកសំរាមពីប្រភព និងការកែច្នៃសំណល់ឡើងវិញ។ ក្រសួង ក៏បានចែកជូនធុងសំរាមដល់សាលារៀន វត្តអារាម មណ្ឌលសុខ ភាព និងបានផ្តល់រថយន្តដឹកសំរាម និងម៉ូតូកង់បី ដល់រដ្ឋបាលក្រុង ស្រុក ឃុំ ដើម្បីជួយសម្រួលដល់ការងារប្រមូលសំរាម។ លើសពីនេះ ក្រសួងក៏កំពុងសិក្សាវាយតម្លៃ និងរៀបចំផែនការប្រែក្លាយ ទី លាន ចាក់សំរាមចំនួន ២០៦កន្លែងភាគច្រើនជាទីលានចំហ ឱ្យទៅជា ទី លាន ទុកដាក់សំរាមដែលមានសុវត្ថិភាពបរិស្ថានតាមបទដ្ឋានបច្ចេកទេស ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner