ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា មាតុភូមិកម្ពុជា គឺជាទឹកដីដ៏ស្រស់បំព្រង ពោរពេញដោយសម្បត្តិធម្មជាតិ

(ភ្នំពេញ)៖ ក្នុងវរកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) នៅបរិវេណវិមានកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វ បុរសយើងបានថែរក្សាកេរដំណែលនេះទុកសម្រាប់យើងទាំងអស់គ្នា ។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើ ដ៏ខៀវស្រងាត់ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្ទដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន។ សម្បត្តិធម្មជាតិទាំងអស់នេះ ហើយគឺជាសរសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង ។

ព្រះករុណា មានព្រះរាជឱង្ការបន្តថា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់ នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក ។ ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ច ដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ ។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបញ្ជាក់ថា ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានផ្តួចផ្តើមរៀបចំ បង្កើតតំបន់ការពារធម្មជាតិនានា ទុកជាកេរមរតក និង លើកទឹកចិត្តកូនចៅជាទីស្រឡាញ់ របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ព្រះករុណាជីវិតតម្កល់លើត្បូង មានបន្ទូលទៀតថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិបតី យួន សុដារី ប្រធានរដ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំកម្ពុជា បាន និងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើនរហូតទទួលបាន ការកោតសរសើរពីសហគមន៍អន្តរជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។

ព្រះមហាក្សត្រ បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានជាតិ ស្របពេលជាមួយនឹងទិវា បរិស្ថានពិភពលោក ៥ មិថុនា គឺជាការជួបជុំគ្នាដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះបរិស្ថាន ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ខណៈប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥នេះ គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នា ឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ។ ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័ន ណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិត ជាតិ តំបន់ និងអន្តរជាតិ និងសូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាព ជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក “ កម្ពុជាស្អាត ខ្មែរធ្វើបាន ” ។

ព្រះករុណា ព្រះមហាក្សត្រ សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការដៃគូ អភិវឌ្ឍន៍ជាតិនិងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដែលបានចូលរួមដល់ កិច្ចការពារ និងអភិរក្សបរិស្ថាន និងសូមអំពាវនាវ ឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល ។

ព្រះករុណា សូមឧទ្ទិសឱ្យទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ស្ថិតក្នុងបេះដូង ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner