ឯកឧត្តម ឌិត ទីណា៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី

(ខេត្តបន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលបានទទួលការគាំទ្រទាំងស្រុងពីសមាជរដ្ឋសភា-ព្រឹទ្ធសភាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានប្រសាសន៍ដូចនេះ ក្នុងឱកាសចុះសួរសុខទុក្ខកងកម្លាំង ឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅបញ្ជាការដ្ឋានកងពលតូចលេខ ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះកងទ័ព និងក្រុមគ្រួសារកងទ័ព ឈរជើងតាមបណ្ដោយព្រំដែន ដោយបានកោតសរសើរកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់កងទ័ព ក្នុងកិច្ចការពារជាតិប្រកបដោយឆន្ទៈមោះមុត និងស្មារតីស្នេហាជាតិជាពិសេសតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តម បានមានប្រសាសន៍ថា យន្តការសម្ព័ន្ធមេត្រីភាព និងការចុះសួរសុខទុក្ខ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលតែងតែបន្តកៀរគរបន្ថែមជានិច្ចសម្រាប់គាំទ្រទាហានជួរមុខ។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគិតគូរសុខទុក្ខ ឧបត្ថម្ភគាំទ្រជានិច្ច ជាពិសេសវត្តមាន ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចុះមកសំណេះសំណាលផ្ទាល់លើកទឹកចិត្ត និងបានប្តេជ្ញាចិត្តបន្តការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ភាពសុខសាន្តប្រជាជនកម្ពុជា និងរក្សាសន្តិភាពជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកនូវអំណោយជាថវិកា ព្រមទាំងស្បៀងអង្ករ គ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ចែកជូនកងកម្លាំង ជាការអរគុណចំពោះការលះបង់កម្លាំងកាយ និងញើសឈាមដើម្បីការពារជាតិមាតុភូមិ និងលើកទឹកចិត្តឱ្យបន្តនូវកិច្ចការងារនេះតទៅមុខទៀត ជាខឿនការពារជាតិ សម្រាប់កូនចៅជំនាន់ក្រោយ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner