គ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ បង្ខំអាល្លឺម៉ង់ជម្លៀសមនុស្ស ២ម៉ឺននាក់ជាបន្ទាន់
ប៊ែរឡាំង ៖ មនុស្សប្រមាណ ២០.០០០នាក់បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងនៅកណ្តាលទីក្រុង Cologne កាលពីថ្ងៃពុធ បន្ទាប់ពីរកឃើញគ្រាប់បែកមិនទាន់ផ្ទុះចំនួន ៣គ្រាប់ ដែលនៅសេសសល់ពីសម័យសង្គ្រាមលោកលើកទី ២ ដែលនេះជាប្រតិបត្តិការដ៏ធំបំផុតក្នុងទីក្រុងអាល្លឺម៉ង់ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាម។
ក្រុមអ្នកបច្ចេកទេសដោះគ្រាប់បែករបស់អាល្លឺម៉ង់ បាននិយាយថា គ្រាប់បែកទាំង ៣គ្រាប់នេះសុទ្ធតែជារបស់អាមេរិក ក្នុងនោះពីរគ្រាប់មានទម្ងន់ ១.០០០គីឡូក្រាម និងមួយគ្រាប់ទៀតមានទម្ងន់ ៥០០គីឡូក្រាម ហើយត្រូវបានរកឃើញនៅក្នុងការដ្ឋានសាងសង់កាលពីថ្ងៃចន្ទ នៅសង្កាត់ Deutz កណ្តាលក្រុង Cologne។
ភ្លាមៗ អាជ្ញាធរបានចាត់វិធានការបិទផ្លូវ និងខ្សែរថភ្លើង រួមមានស្ពានចំនួន ៣ទីតាំងឆ្លងកាត់ទន្លេ Rhine ដើម្បីដោះគ្រាប់បែកទាំងនោះ ពីព្រោះកម្លាំងផ្ទុះរបស់វាអាចបង្កគ្រោះថ្នាក់ក្នុងរង្វង់ ១.០០០គីឡូម៉ែត្រឯណោះ។
គួរកត់សម្គាល់ ការងារសាងសង់នៅប្រទេសអាល្លឺម៉ង់ ជារើយៗតែងតែរកឃើញនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាមលោកលើកទី២។ តួយ៉ាង នៅទីក្រុង Frankfurt បានរកឃើញគ្រាប់បែកទម្ងន់ ១.៤តោនក្នុងឆ្នាំ២០១៧ នាំឱ្យមានការជម្លៀសមនុស្សចំនួន ៦៥.០០០នាក់ ដែលនេះជាការជម្លៀសដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៤៥។
ដោយឡែកនៅឆ្នាំ២០២១ មនុស្ស ៤នាក់បានរងរបួសនៅពេលដែលគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ បានផ្ទុះឡើងក្នុងការដ្ឋានសាងសង់នៅជិតស្ថានីយ៍រថភ្លើងសំខាន់របស់ទីក្រុង Munich ដោយបានប៉ើងខ្ទាតកំទេចកំទីគ្រាប់ក្នុងចម្ងាយរាប់រយម៉ែត្រឯណោះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

