រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ជូនពលរដ្ឋងាយរងគ្រោះចំនួន ៣០០គ្រួសារ នៅក្រុងសិរីសោភ័ណ
(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះចំនួន៣០០គ្រួសារ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ពូ មីងចាស់ជរា និងបានរៀបចំអំណោយជួយគាំទ្រ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។
ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសហការីសាខាកាកបាទក្រហម ជាពិសេសប្អូនៗយុវជននៅតាមភូមិ-ឃុំ និងលើកទឹកចិត្តបន្តចលនានេះឱ្យបានជាប់លាប់គ្រប់ទីកន្លែង សំដៅលើកកម្ពស់ជីវភាព និងការរស់នៅឱ្យបានល្អប្រសើរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អង្គពិធីត្រូវថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅស្អាត និងក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម៕






ប្រភព ៖ ក្រសួងកសិកម្ម