មេធំ NATO ចោទរុស្ស៊ីនៅតែបន្តវាយប្រហារលើជនស៊ីវិលស្លូតត្រង់
ព្រុចសែល ៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា រុស្ស៊ីនៅតែបន្តវាយប្រហារលើប្រជាជនស្លូតត្រង់នៅអ៊ុយក្រែន ហើយនេះគឺជាអំពើហិង្សាបម្រើជាប្រយោជន៍នៃអំពើហិង្សា។
ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov នៅទីក្រុងប្រ៊ុចសែល លោក Rutte បានបញ្ជាក់ថា អ្នកអាចជឿជាក់បានថា NATO ដែលជាសម្ព័ន្ធមិត្ត នឹងឈរប្រកៀកស្មារជាមួយអ៊ុយក្រែន ដើម្បីបន្តគាំទ្រអ៊ុយក្រែន។
លោក Rutte បន្តថា ក្នុង ពេល នេះ ប្រាកប្រាកដណាស់អ្វីដែលយើងចង់បាន នោះ គឺសន្តិភាពយូរអង្វែង និងឋិតឋេរ ហើយលោកសូមសរសើរការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Trump ក្នុងការឆ្មុះឆ្មុលនាំជម្លោះនេះឈានដល់ទីបញ្ចប់។
ប្រមុខណាតូរូបនេះបន្ថែមថា ក្នុងពេលជាមួយគ្នានេះ យើងត្រូវប្រាកដថា អ៊ុយក្រែនមានអ្វីដែលខ្លួនត្រូវការ ដើម្បីបន្តប្រយុទ្ធ ហើយនៅពេលសង្គ្រាមបញ្ចប់ លោក ពូទីន នឹងដឹងថា គាត់មិនគួរព្យាយាមវាយប្រហារអ៊ុយក្រែនទៀតទេ។
ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បាននិយាយថា អ៊ុយក្រែន ចង់ បាន សន្តិភាព ហើយយើងគាំទ្រគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី Trump ចាប់តាំងពីខែកុម្ភៈមក។
ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងកៀវតែងតែបញ្ជូនក្រុមការងាររបស់ខ្លួនគ្រប់ពេលសម្រាប់ការចរចា ប៉ុន្តែយើងឃើញថា នៅពេលនេះ ការចរចានៅមិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា