ប្រធានកាកបាទក្រហមអន្តរជាតិថា តំបន់ហ្គាហ្សាអាក្រក់ជាងឋាននរកនៅលើផែនដីទៅទៀត

ហ្កាហ្សា ៖ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ហៅកាត់ ICRC លោកស្រី Mirjana Spoljaric បានប្រាប់ទូរទស្សន៍ BBC ថា ស្ថានភាពហ្កាហ្សាកាន់តែអាក្រក់ជាងនរកនៅលើផែនដីទៅទៀត ខណៈដែលមជ្ឈមណ្ឌលចែកចាយជំនួយក្នុងទឹកដីហ៊ុព័ទ្ធនេះត្រូវបានបិទ។

មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដ៏ចម្រូងចម្រាសដែលគាំទ្រដោយសហរដ្ឋអាមេរិកបានប្រកាសកាលពីយប់ថ្ងៃអង្គារថា ខ្លួនបិទជាបណ្តោះអាសន្ននូវប្រតិបត្តិការក្នុងដែនដីនេះ បន្ទាប់ពីជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់ ដោយសារប៉ុនប៉ងចូលទៅកាន់មជ្ឈមណ្ឌលចែកចាយរបស់ខ្លួន។

នៅក្នុងបទសម្ភាសន៍មួយនៅឯទីស្នាក់ការកណ្តាលរបស់ ICRC នៅទីក្រុងហ្សឺណែវ លោកស្រី Mirjana Spoljaric បាននិយាយថា មនុស្សជាតិកំពុងបរាជ័យ ខណៈដែលខ្លួនបានឈរអោបដៃមើលភាពរន្ធត់នៃសង្រ្គាមនៅហ្កាហ្សា។

លោកស្រី Spoljaric បានសង្កត់ធ្ងន់ថា ហ្កាហ្សាគឺជា “ឋាននរកនៅលើផែនដី” ហើយវាកាន់តែអាក្រក់… យើងមិនអាចបន្តមើលអ្វីដែលកំពុងកើតឡើងនោះទេ។ វាលើសពីស្តង់ដារដែលអាចទទួលយកបាន ទោះបីច្បាប់ សីលធម៌ និងមនុស្សធម៌ ពីព្រោះតែកម្រិតនៃការបំផ្លិចបំផ្លាញ និងកម្រិតនៃការរងទុក្ខវេទនា។

ប្រធានកាកបាទក្រហមអន្តរជាតិរូបនេះ បានគូសបញ្ជាក់ទៀតថា ពិភពលោកមិនបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ ដើម្បីបញ្ចប់សង្រ្គាម បញ្ចប់ការរងទុក្ខវេទនាដ៏ឈឺចាប់របស់ប៉ាឡេស្ទីន និងធានាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនោះទេ។

គួរកត់សម្គាល់ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់ហ្កាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស ដែលក្នុងនោះមនុស្សប្រហែល ១.២០០នាក់ត្រូវបានសម្លាប់ និង ២៥១នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

យ៉ាងហោចណាស់មនុស្ស ៥៤.៦០៧នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ចាប់តាំងពីពេលនោះមក ក្នុងនោះមនុស្ស ៤.៣៣៥នាក់បានស្លាប់បាត់បង់ជីវិតចាប់តាំងពីអ៊ីស្រាអែលបន្តការវាយលុករបស់ខ្លួននៅថ្ងៃទី១៨ ខែមីនា នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សា៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner