កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងកម្លាំងចម្រុះបន្តបង្ក្រាបបទល្មើសនេសាទក្នុងរដូវហាមឃាត់
កំពង់ធំ៖ខណៈរដូវបិទនេសាទបានមកដល់ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកម្លាំងចម្រុះ បន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្របឹងទន្លេសាប នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា កម្លាំងដែលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរងប្រចាំការនៅទីបញ្ជការស្រាលឃុំផាត់សណ្តាយ និងកម្លាំងប្រចាំការនៅទីបញ្ជាការស្រាលទិសពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព បានបន្តល្បាតនិងបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ ដោយបានបំផ្លាញចោលរបាំងស្បៃអួនក្រឡាញឹកខុសច្បាប់ប្រវែង៣៥០ ម៉ែត្រ របាំងស្បៃមុងចំនួន១៣របាំង ប្រវែង ៦៥០ម៉ែត្រ និងបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់នេសាទមួយចំនួនទៀត ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថាក្នុងឱកាសនៃការល្បាតនេះកងកម្លាំងចម្រុះដោយមានអាជ្ញាធរមូលដ្ឋានផងនោះក៏បានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នូវលិខិតជូនដំណឹងស្ដីពីរដូវបិទនេសាទឆ្នាំ២០២៥ របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងតំបន់បឹងទន្លេសាបដែរ ៕
ដោយ៖ ប៊ុន រដ្ឋា

