អភិបាលខេត្តព្រៃវែងអញ្ជើញប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា
ព្រៃវែង៖ ឯកឧត្តមសួន សុម៉ាលីន អភិបាលខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ៖«ប្រយុទ្ធប្រឆាំង ការបំពុលដោយប្លាស្ទិក» ។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករថា ប្រធានបទ៖«ប្រយុទ្ធប្រឆាំង ការបំពុលដោយប្លាស្ទិក» គឺស្របតាមបរិបទសកល និងស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាការកើនឡើងនៃសំណល់ប្លាស្ទិក ។សំណល់ប្លាស្ទិកគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែការកើនឡើងនៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ការបំពុលដោយប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភណភាពទីក្រុង ប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ។

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែងបានថ្លែងថា ការប្រារព្ធទិវាបរិស្ថានជាតិ ក្នុងគោលបំណងបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រៃវែង អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាននិងសហគមន៍។ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីក្រុងព្រៃវែងមានភាពស្អាត ភាពបៃតង និងចីរភាពស្របតាមពាក្យស្លោក “ កម្ពុជាស្អាត ខ្មែរធ្វើបាន “៕
ដោយ៖នុត នាង


