ឥណ្ឌូនេស៊ីបង្ហាញការស្វាគមន៍នាំចូលអង្ករពីកម្ពុជា ខណៈកាលពីមុននេះក៏បានចុះកិច្ចសន្យាទិញអង្ករពីកម្ពុជា រួចមកហើយ
(ភ្នំពេញ)៖ ឥណ្ឌូនេស៊ីជាប្រទេសផលិតអង្ករធំលំដាប់ទី៤ នៅលើពិភពលោក ដោយអាចផលិតអង្ករបានដល់ទៅជាង ៣០លានតោន នៅក្នុងមួយឆ្នាំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែបើក និងជំរុញការនាំចូលអង្ករដ៏ធំ ដោយបាននាំចូលអង្ករប្រមាណជាង ៣លានតោន នៅឆ្នាំ២០២៤ កន្លងមក ដើម្បីរក្សាស្ថិរភាពតម្លៃអង្ករសម្រាប់អ្នកប្រើប្រាស់។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រូវការទិញ អង្ករចូលដើម្បីបង្រ្គប់តម្រូវការប្រើប្រាស់ក្នុងស្រុក ហើយស្របពេលជាមួយគ្នា ប្រទេសដែលមានប្រជាពលរដ្ឋជាង ២៨០លាននាក់នេះ ចាំបាច់ត្រូវការផ្គត់ផ្គង់អង្ករពីដៃគូមួយចំនួនជាពិសេសពីដៃគូពាណិជ្ជកម្មនៃប្រទេសក្នុង ប្លុកអាស៊ីអាគ្នេយ៍ ប្រមាណ ៤លានតោន កាលពីឆ្នាំ២០២៤ ក្នុងនេះដូចជា វៀតណាម មីយ៉ាន់ម៉ា កម្ពុជា និងថៃ ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី ក៏មានការនាំចូលអង្ករពីប្រទេសកម្ពុជា ដែលក្នុងនោះ កម្ពុជា និងឥណ្ឌូនេស៊ី ដោយកន្លងមកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផ្គត់ផ្គង់អង្ករចំនួន ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២៤។
ជាមួយកិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ថ្លែងក្នុងសន្និសារព័ត៌មាន ស្តីពី កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូនេស៊ីនាដើមសប្តាហ៍កន្លងមក ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto)ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បញ្ជាក់ពីទំនាក់ទំនង រវាងប្រទេសទាំងពីរឈានឡើងមួយកម្រិតទៀត ដោយក្នុងនោះ ផ្តោតសំខាន់លើការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម កាន់តែច្រើន ការបង្កើនការវិនិយោគ កិច្ចសហប្រតិបត្តិការ នយោបាយ-សន្តិសុខនិងពិសេសនោះការកើនឡើងលើវិស័យពាណិជ្ជកម្ម អង្ករ រវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា។
ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ លើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២បានកើនលើស ១ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយសង្ឃឹមថានឹងកើតឡើងម្តងទៀតនៅក្នុងឆ្នាំ២០២៥នេះ។យ៉ាងណាក្តីគេក៏មើលឃើញដែរថាទំនាក់ទំនងវិស័យពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី និងកម្ពុជា នៅមានកម្រិតនៅឡើយ ដែលក្នុងនេះវាទាមទារឱ្យពលរដ្ឋទាំង២បានស្គាល់ទំនិញរវាងគ្នាបានច្បាស់ទើប ទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគនឹងមានសន្ទុះកើនឡើង។ក្នុងនេះត្រូវមានការណែនាំ និង ផ្ដល់ការយល់ដឹងដល់វិនិយោគិនឥណ្ឌូនេស៊ីឱ្យមកវិនិយោគនៅកម្ពុជា ហើយជម្រើសការ ផ្សព្វផ្សាយជាកត្តាគេមិនអាចមើលរំលងបានសោះឡើយ។
បើយោងតាមសព័ន្ធស្រូវអង្ករកម្ពុជាវិញបានឱ្យដឹងស្ថិតិពីរយៈពេល៥ខែកន្លងមក គឺកម្ពុជានាំអង្ករចេញជាង ៣៤ម៉ឺនតោនដែលមានទំហំទឹកប្រាក់ជាង ២៥២លានដុល្លារអាម៉េរិក។ សម្រាប់ការ នាំចេញអង្ករវិញក្នុងនេះបាននាំទៅកាន់ ក្នុងតំបន់ប្រទេសអឺរ៉ុបចំនួន ២៦ និងអាស៊ីមានប្រទេសចិន កោះហុងកុង ។ក្រៅពីនេះក៏មានប្រទេសក្នុងអាស៊ាន និងគោលដៅ ៣០ប្រទេសផ្សេងទៀតក្នុងការនាំចេញមានដូចជាអាហ្វ្រិក មជ្ឈឹម បូព៌ា ញ៉ូហ្សេឡេន កាណាដា អូស្ត្រាលី និងអាមេរិកជាដើម ៕





ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោ វេង លឹមហួត