បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ទទួលបានអំណោយពីសប្បុរជនក្នុងប្រទេស
ព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដែលកំពុងឈរជើងការពារនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានទទួលអំណោយជាបរិក្ខាប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាពីសប្បុរសជននៃក្រុមហ៊ុនចំនួនពីរ ក្រុមហ៊ុន សុខ ធារ៉ា និងក្រុមហ៊ុន ដាវី ស៊ីអេច អិចផតឯ.ក ។
អំណោយដែលប្រគល់ជូនផ្ទាល់ដល់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ក្នុងសប្ដាហ៍នេះរួមមាន ធុងទឹកចំណុះមួយពាន់លីត្រចំនួន១០ធុង ,ធុងទឹកចំណុះ ២០០លីត្រ ចំនួន៤០ធុង ,ធុងប៉េត្រូ ៥០ធុង ,កានតូច ៣០០កាន ,អាល់កុល៧៥ភាគរយចំនួន ៥០កាន ,អង្ករ ២តោន ,មីជាតិ ២០០កេស ,ទឹកត្រី ៥០យួរ ,ទឹកស៊ីអ៊ីវ ៥០យួរ ,ទឹកបរិសុទ្ធ ៥០០កេស និងថវិកា៥លានរៀល។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានសម្តែងការអរគុណ ចំពោះក្រុមហ៊ុនទាំងពីរដែលបានជួយទំនុកបំរុង ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារប្រើប្រាស់។នេះជាការលើទឹកចិត្តជូនដល់កងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែន។
សូមជម្រាបថាក្នុងសប្ដាហ៍នេះដែរ ក៏សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិកលោក គុជ វីរ: ,លោកស្រី សំ លក្ខិណា និងបុត្រ បានឧបត្ថម្ភគឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនតាមរយ: លោក ស្រី ទៀប ចន្ទមុនី និងស្វាមី នាំយកមកផ្តល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងការពារខ្សែត្រៀមជួរមុខ ព្រំដែនកម្ពុជា-ថៃ នៃទិសទី១ ប្រាសាទព្រះវិហារ ៕






ដោយ៖ឡុង សំបូរ