កូរ៉េខាងជើងដាក់ដំណើរការនាវាចម្បាំងទម្ងន់ ៥តោនសាជាថ្មី

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានដាក់ដំណើរនាវាចម្បាំងមួយគ្រឿង មានទម្ងន់ ៥.០០០គីឡូក្រាមសាជាថ្មី ពោលគឺពីរសប្តាហ៍ក្រោយនាវានោះបានរងការខូចខាត ក្នុងអំឡុងពេលប៉ុនប៉ងដាក់ដំណើរការលើកមុន នៅក្នុងឧប្បត្តិហេតុមួយដែលទាក់ទាញការរិះគន់យ៉ាងខ្លាំងពីមេដឹកនាំប្រទេស គឺលោក Kim Jong Un។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា នាវាចម្បាំងដែលត្រូវបានស្ដារតុល្យភាពឡើងវិញកាលពីដើមសប្តាហ៍នេះ ត្រូវបានដាក់ឱ្យដំណើរការសារជាថ្មី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយឥឡូវនេះ កំពុងចតនៅកំពង់ផែមួយ។

ទីភ្នាក់ងារ KCNA បន្ថែមថា នាវានេះត្រូវបានរំពឹងថា នឹងជួសជុលរួចឡើងវិញយ៉ាងពេញលេញ នៅមុនពេលកិច្ចប្រជុំរបស់គណបក្សកាន់អំណាចនៅខែនេះ។

លោក Kim ដែលបានមើលឃើញដោយផ្ទាល់ នៅពេលបើកដាក់ដំណើរការនាវាចម្បាំងបរាជ័យ ក្នុងអំឡុងការប៉ុនប៉ងដាក់ដំណើរការលើកដំបូងនេះ បានរិះគន់ឧប្បត្តិហេតុនេះថា ជា “អំពើឧក្រិដ្ឋកម្ម” ដែលបានធ្វើឱ្យខូចកិត្តិយស និងមោទនភាពរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ។

ប្រមុខរដ្ឋកូរ៉េខាងជើងរូបនេះ បានសង្កត់ធ្ងន់ថា រឿងនោះគឺជាលទ្ធផលនៃការធ្វេសប្រហែស ភាពមិនទទួលខុសត្រូវ និង ភាពមិនច្បាស់លាស់ខាងវិទ្យាសាស្ត្រ។

គិតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថាតើកូរ៉េខាងជើងនឹងផ្តន្ទាទោសមន្ត្រីពាក់ព័ន្ធនឹងរឿងនេះបែបណាទេ ប៉ុន្តែរដ្ឋផ្តាច់ការត្រូវបានគេជឿថា អាចនឹងកាត់ទោសធ្ងន់ធ្ងរ ឬក៏ត្រូវប្រឈមមុខនឹងការប្រហារជីវិតតែម្តង នេះបើតាមប្រភពពី BBC។

យ៉ាងណា ក្រុមអ្នកវិភាគមួយចំនួនមើលឃើញថា ការឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់របស់លោក Kim ចំពោះការដាក់ដំណើរការដែលបរាជ័យលើកមុននេះ គឺជាសញ្ញាមួយបង្ហាញថា ទីក្រុងព្យុងយ៉ាងនឹងបន្តពង្រឹងសមត្ថភាពយោធារបស់ខ្លួន។

លោក Kim បានហៅនាវាចម្បាំងនោះថា ជា “របកគំហើញ” នៅក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹករបស់កូរ៉េខាងជើង ហើយបាននិយាយថា នាវាពិឃាតនេះគ្រោងនឹងដាក់ពង្រាយនៅដើមឆ្នាំ២០២៦៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner