ជម្លោះលោក Trump និងលោក Musk ហែកលុយ Tesla អស់ ១៥០ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ ផ្តើមចេញពីទំនាក់ទំនងដ៏ផ្អែមល្ហែម ក្លាយទៅជាជម្លោះ និងសង្រ្គាមពាក្យសម្ដីនៅលើបណ្តាញសង្គមរវាងលោក Elon Musk និងលោកប្រធានាធិបតីអាមេរិក Donald Trump បានទាញទម្លាក់ភាគហ៊ុនក្រុមហ៊ុនផលិតឡានអគ្គិសនី Tesla រហូតដល់ ១៤% ភ្លាមៗ គិតជាទឹកប្រាក់ ១៥០ពាន់លានដុល្លារ។
ការខាតបង់ធ្ងន់ធ្ងរបំផុតត្រឹមពេលតែមួយថ្ងៃនៅក្នុងប្រវត្តិសាស្ត្ររបស់ Tesla នេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានរិះគន់យ៉ាងចាស់ដៃលើលោក Musk រហូតគំរាមលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលអាមេរិកជាមួយបណ្ដាក្រុមហ៊ុនរបស់លោក Musk ខណៈមេធំ Tesla រូបនេះបាននិយាយថា លោក Trump គួរតែត្រូវបានគេដំណើរការនីតិវិធីដកចេញពីតំណែង។

លោក Trump បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា មធ្យោបាយដ៏ងាយស្រួលមួយ ដើម្បីសន្សំសំច្ចៃថវិការបស់យើងរាប់ពាន់លានដុល្លារ នោះគឺផ្ដាច់កុងត្រាជាមួយបណ្ដាក្រុមហ៊ុនរបស់លោក Elon។
ជាការឆ្លើយតប លោក Musk បានវាយបកទៅកាន់លោក Trump តាមរយៈបណ្តាញសង្គម X ថា លោកប្រធានាធិបតី Trump គួរតែត្រូវបានគេដំណើរការនីតិវិធីទម្លាក់ចេញពីតំណែង។
យ៉ាងណា គណបក្សសាធារណរដ្ឋដែលកំពុងក្ដាប់សំឡេងភាគច្រើនទាំងនៅសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ដូច្នេះការទម្លាក់លោក Trump ចេញពីតំណែង គឺជារឿងមិនអាចទៅរួចទេ។

គួរកត់សម្គាល់ ភាពល្អក់កករនៅក្នុងទំនាក់ទំនងលោក Trump និងលោក Musk បានកើតឡើងកាលពីពេលថ្មីៗនេះ នៅពេលដែលបុរសមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោករូបនេះ បានថ្កោលទោសគោលនយោបាយពន្ធ និងការចំណាយរបស់លោក Trump ហើយថែមទាំងបានឌឺដងទៀតថា ប្រធានាធិបតីអាមេរិករូបនេះប្រហែលជាចាញ់ឆ្នោតកាលពីឆ្នាំ២០២៤បាត់ទៅហើយ ប្រសិនបើគ្មានការគាំទ្រពីរូបលោកទេនោះ។
ពាក្យសម្ដីនេះបានធ្វើឱ្យលោកប្រធានាធិបតី Trump ក្ដៅស្លឹកត្រចៀក ហើយវាយបកវិញថា លោកខកចិត្តជាខ្លាំងចំពោះលោក Musk និងហៅមហាសេដ្ឋីរូបនេះថា ជាមនុស្សឆ្កួត៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
