ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលថវិកា និងសម្ភារៈ គាំទ្រកងកម្លាំងជួរមុខក្នុងបុព្វហេតុពង្រឹងខឿនការពារអធិបតេយ្យជាតិខ្មែរ
(ភ្នំពេញ)៖ គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានរៀបចំពិធីប្រគល់-ទទួលថវិកា និងសម្ភារៈគាំទ្រកងកម្លាំងជួរមុខក្នុងបុព្វហេតុពង្រឹងខឿនការពារអធិបតេយ្យជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។

ក្នុងនាមសម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានចំណាយធន់ធានហិរញ្ញវត្ថុ និងសម្ភារ:ផ្ទាល់ខ្លួន ឧបត្ថម្ភដល់វីរ:កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្របតាមការអំពាវនាវរបស់សម្តេចតេជោកាលពីថ្ងៃទី២៩ ខែឧសភាកន្លងមកនេះ ។

ឯកឧត្តមបណ្ឌិត បានលើកឡើងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ និងសម្តេចធិបតី ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងសូមអោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជន ជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបង្ហាញពីភាពរឹងមាំនៃខឿនការពារជាតិកម្ពុជា។

ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនថា ថវិកា និងសម្ភារ:ទាំងនោះ ឯកឧត្តមបណ្ឌិត រួមជាមួយឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំយុវជនគណបក្ស នឹងយកទៅប្រគល់ដល់កងទ័ពជួរមុខនៅថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ ហើយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងអស់ អាចចូលរួមជាមួយគ្នា ដើម្បីជាការលើក ទឹកចិត្តដល់វីរ:កងទ័ពដ៏អង់អាចក្លាហានរបស់នៅសមរភូមិមុខ ៕
ដោយ ៖ ង៉ាន់ ទិត្យ


