Trump ថាគ្មានពេលគិតពី Elon Musk
បរទេស៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកគ្មានពេលគិតពីលោកមហាសេដ្ឋី Elon Musk ដែលកំពុងផ្ទុះសង្គ្រាមពាក្យសម្តី ជាសាធារណៈ បន្ទាប់ពីបុរសមានលុយច្រើនជាងគេរូបនេះ បានដើរចាកចេញ ពីនាយកដ្ឋានជំរុញប្រសិទ្ធិភាពរដ្ឋាភិបាល។
ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោករវល់ពេក ក្នុងការធ្វើការងារ លើបញ្ហាអន្តរជាតិ គ្មានពេលមកគិតអំពីមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk នោះឡើយ។
លោក Trump អះអាងថា «និយាយតាមត្រង់ទៅ ខ្ញុំមមាញឹកណាស់ ធ្វើការលើប្រទេសចិន ធ្វើការលើប្រទេសរុស្ស៊ី ធ្វើការលើប្រទេសអ៊ីរ៉ង់ ធ្វើការជាច្រើន ខ្ញុំមិនគិតពី Elon ទេ»។
យ៉ាងណាមិញ ក្រោយពេលលោក Musk បានដើរចេញ លែងធ្វើជាទីប្រឹក្សារបស់ប្រធានាធិបតី វ័យ៧៨ឆ្នាំរូបនេះ ភាគីទាំងពីរបានប៉ះសម្តីគ្នាធ្ងន់ៗ ក្រោយផ្អែមល្ហែមជាមួយគ្នា ប៉ុន្មានខែ។ លោក Musk ផ្តើមចេញពីការរិះគន់ច្បាប់ថវិការរបស់លោក Trump ហើយថែមទាំង ស្នើឲ្យសភាកុំអនុម័ត ទៀតផង។ លោក Trump ថាអន់ចិត្តខ្លាំង និងថែមទាំងព្រមានលើអាជីវកម្មរបស់លោក Musk នៅអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត