អ៊ីស្រាអែលត្រូវការទ័ព១ម៉ឺននាក់ទៀត ធ្វើប្រតិបត្តិការនៅហ្គាហ្សា
បរទេស៖ កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនខ្វះទាហានជាង១០.០០០នាក់ ក្នុងនោះ ទ័ពប្រយុទ្ធត្រូវការ ប្រហែល៦.០០០នាក់ បន្ថែម សម្រាប់ប្រតិបត្តិការ នៅតំបន់ហ្គាហ្សា។
យោធាអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនខ្វះទាហានជាង ១ម៉ឺននាក់ រួមមានទាំង ប្រហែល ៦ពាន់នាក់ សម្រាប់អង្គភាពប្រយុទ្ធ ខណៈដែលខ្លួនបានជំរុញយុទ្ធនាការកាន់តែខ្លាំង នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល ឧត្តមសេនីយទោ Effie Defrin បាននិយាយ បែបនេះ នៅក្នុងសន្និសិទសារព័ត៌មានតាមទូរទស្សន៍ នៅពេលសួរអំពីការចុះចូលនៃជនជាតិជ្វីហ្វជ្រុលនិយម ចូលទៅក្នុងកងទ័ព។
ឧត្តមសេនីយទោ Effie Defrin ប្រាប់ថា « នេះគឺជាតម្រូវការប្រតិបត្តិការពិតប្រាកដ ហើយនោះហើយជាមូលហេតុដែលយើងកំពុងចាត់វិធានការចាំបាច់ទាំងអស់»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបន្តបើកយុទ្ធនាការយោធា នៅតំបន់ហ្កាហ្សា ដើម្បីឆ្លើយតបនឹងការវាយប្រហារ លើទឹកដីរបស់ខ្លួន កាលពីខែតុលា ឆ្នាំ២០២៣ ស្លាប់មនុស្ស ជាង១ពាន់នាក់។ ជាការសងសឹក មនុស្ស ជាង៥ម៉ឺន៤ពាន់នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា ចាប់តាំងពីពេលនោះមក នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត