ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ផែនការបញ្ចប់បញ្ហាដីធ្លីនៅកម្ពុជា គឺជាការរៀបចំលក្ខខណ្ឌឲ្យបានល្អ ដើម្បីជីវភាពប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ កម្ពុជាប្តេជ្ញា បង្កើតបរិកាសគ្មានវិវាទដីធ្លី និងគ្រប់ដីធ្លីទាំងអស់នៅទូទាំងប្រទេស ត្រូវតែមានប្លង់រឹង នៅឆ្នាំ២០២៩ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងភាពធូរធារនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ការប្តេជ្ញានេះ បានបង្ហាញដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប-នីយកម្ម និងសំណង់ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅក្នុងវេទិកាផ្សព្វ ផ្សាយស្តីពី «ការគ្រប់គ្រងដីធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា» ដែលរៀបចំដោយយុវជនគណបក្សថ្នាក់កណ្តាល នៃគណៈបក្សប្រជាជនកម្ពុជា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។

វេទិកាដែលរៀបចំឡើងនៅវិមាន ៧មករា ក្នុងរាជធានីភ្នំពេញនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈប្រចាំការ, សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល, ប្រធាន អនុប្រធានផ្នែក, សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំយុវជនបក្ស សមាជិក សមាជិកាយុវជនបក្សប្រមាណ ៣ពាន់ ៥០០នាក់។

នៅក្នុងការថ្លែងបាឋកថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានលើកឡើងពីផែនការនៃការគ្រប់គ្រង និងរៀបចំតំបន់រមណីយដ្ឋានបេតិកភណ្ឌអង្គរ ។ ដំណើរការនៃការបញ្ចប់បញ្ហាដីធ្លីនៅតំបន់អង្គរ គឺជាការរៀបចំលក្ខខណ្ឌឲ្យបានល្អដើម្បីឲ្យប្រជាជននៅខេត្តសៀមរាបមានជីវភាពរីកចម្រើន បង្កើតចំនួនភ្ញៀវទេសចរណ៍មកទស្សនាតំបន់អង្គរឲ្យកាន់តែច្រើន និងដើម្បីបង្កើនសេដ្ឋកិច្ចជាតិផងដែរ ។ ចំពោះយុទ្ធសាស្រ្តដែលដាក់ចេញក្នុងការអនុវត្តរួមមាន អនុវត្តកាតព្វកិច្ច ក្នុងក្របខណ្ឌជាតិ និងអត្តរជាតិ, ការអភិវឌ្ឍក្រុងរុនតាឯកតេជោសែន និងតំបន់ពាក់ស្នែង, ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍ និងការរៀបចំមូលដ្ឋានសេដ្ឋកិច្ចខេត្តសៀមរាប ។ នៅជាមួយគ្នានោះ ក្រសួងនៅបានកំណត់ទីតាំងដែលត្រូវរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី ដែលរួមមានការកំណត់ទីតាំងដែលត្រូវការពារដាច់ខាត, ទីតាំងទ្រនាប់, ទីតាំងភូមិឋានជនបទ, ទីតាំងភូមិឋានទីប្រជុំជន, ទីតាំងអាជីវកម្ម និងទីតាំងកសិកម្មផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងពីរបាយការណ៍លទ្ធផលការងាររបស់ក្រសួងដែនដី ដែលរួមមាន លទ្ធផលនៃការដោះស្រាយវិវាទដីធ្លី សរុបបានចំនួន ១ម៉ឺន ៦ពាន់ ២៤៩បណ្ដឹង ក្នុងនោះបានបញ្ចប់ទំនាស់បានចំនួន ១ម៉ឺន ៥ពាន់ ៨១៥បណ្តឹង និងកំពុងដោះស្រាយមានចំនួន ៤៣៤បណ្តឹង ។ ចំណែកការចុះបញ្ជីដីធ្លីនោះវិញ គិតត្រឹមថ្ងៃទី០៥ មិថុនា ២០២៥ ក្បាលដីដែលបានវាស់វែងនៅទូទាំងប្រទេសសរុបមានចំនួន ១៣លាន ៤០ម៉ឺន ៨ពាន់ ៦២៨ក្បាលដី ក្នុងចំណោមក្បាលដីប៉ាន់ស្មានសរុបមានចំនួន ១៣លាន ៦៥ម៉ឺន ៤ពាន់ ៧៥៣ក្បាលដី និងបានចេញបណ្ណជូនពលរដ្ឋបានចំនួន ៨លាន ៤៨ម៉ឺន ២៣១បណ្ណ ។ ដោយឡែកចំពោះលទ្ធផលនៃការដោះស្រាយវិវាទបុរីនោះវិញ គឺសរុបមានចំនួន ១៣១គម្រោង ក្នុងនោះបានបញ្ចប់ការដោះស្រាយមានចំនួន ១០៩គម្រោង និងកំពុងសម្រួលមានចំនួន ២២គម្រោង ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ក្រុមបច្ចេកទេស OB

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner