ខេត្តព្រះសីហនុ បន្តរៀបចំវេទិកាកិច្ចសហប្រតិបតិ្តការវិនិយោគនៅខេត្តជាំងស៊ូ ប្រទេសចិន

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុ និង មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ នារសៀលថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ នៅទី​ក្រុង​ណានជីង ខេត្តជាំងស៊ូ ប្រទេសចិន បានសហការរៀបចំ «វេទិកាកិច្ច​សហ​ប្រតិ​បត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូ» ដើម្បីផ្សព្វផ្សាយ ជំរុញ និង ទាក់ទាញការ វិនិ​យោគ ក្រោមក្របខណ្ឌនៃការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុង​ខេត្តព្រះ​សីហនុ ឆ្នាំ ២០២៤» ដែលត្រូវបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ដល់សហ​គ្រាសប្រមាណ ១២០ និង សមាគមពាណិជ្ជកម្ម ខេត្តជាំងស៊ូ នៃសាធារណៈរដ្ឋប្រជា​មានិតចិន ។ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមាន ឯកឧត្តម​បណ្ឌិត សភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធាន​ក្រុមការងារ នឹងបន្តផ្តល់អាទិភាពក្នុងការទាក់ទាញការវិនិយោគ ទាំងក្នុងស្រុក និង ក្រៅស្រុក រួមជាមួយនឹងការផ្តល់ការលើកទឹកចិត្តពិសេស, ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយសំណូមពររបស់វិស័យឯកជន ។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទាក់ទាញការចាប់អារម្មណ៍របស់​វិនិយោគិនចិន ពិសេសក្នុងខេត្តជាំងស៊ូ មកវិនិយោគ នៅខេត្តព្រះសីហនុ ដែលបាន​ប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ​បាល​ខេត្តព្រះសីហនុ, ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុម ការងារ​ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, លោក សឺ យ៉ុង (Si Yong) ប្រធានមន្ទីរ​ពាណិជ្ជ​កម្មខេត្តជាំងស៊ូ និង មានការចូលរួមពី អគ្គកុង ស៊ុល កម្ពុជាប្រចាំទី​ក្រុង​សៀងហៃ, អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស នៃសាធារណៈរដ្ឋប្រជាមានិតចិន សរុបប្រមាណ ២១០ នាក់ ។

លោក សឺ យ៉ុង (Si Yong) ប្រធានមន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ បានគូសបញ្ជាក់ថា គម្រោងវិនិយោគ សរុបរបស់ខេត្តជាំងស៊ូ ដែលបានដាក់ទុនវិនិយោគក្នុងប្រទេស​កម្ពុជា មានចំនួន ២១៧ គម្រោង និង មានទុន វិនិយោគសរុបប្រមាណ ១,៨៤ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះឆ្នាំ ២០២៤ មាន ៣២ គម្រោង មានទុន វិនិ​យោគសរុបប្រមាណ ១៨០ លានដុល្លារអាម៉េរិក ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូស​បញ្ជាក់ថា វេទិកានាពេលនេះគឺ ពិតជាបានបង្ហាញឱ្យកាន់តែច្បាស់ពីការបន្តពូន​ជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព «ជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយ» ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្រចតុកោណ, យុទ្ធ​សាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និង សម្តេច​មហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង គោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ។ ឯកឧត្តមបន្ថែមថា ខេត្តព្រះសីហនុ មានសក្ដានុពលខ្ពស់ចំពោះការវិនិ​យោគក្នុង​វិស័យដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ និង ការដឹកជញ្ជូន ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សំខាន់ៗដូចជា (១). កំពង់ផែ​សមុទ្រអន្តរជាតិចំនួន ៣ គឺ កំពង់ផែកែវផុស, កំពង់ផែអន្តរជាតិស្ទឹងហាវ, និងកំពង់​ផែ​ស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នមានជំរៅទឹក ១៣,៥ ម៉ែត្រ ដែលអាចឱ្យ​នាវា​ដែលមានចំណុះផ្ទុក ២,០០០ TEUs ចូលចតបាន, (២). ផ្លូវជាតិ ផ្លូវល្បឿន​លឿន ផ្លូវដែក និង ផ្លូវអាកាស, (៣). ការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។

ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុង ខេត្តព្រះសីហនុ បានគូសបញ្ជាក់ ថា កម្មវិធី ពិសេសនេះ បន្តផ្ដល់នូវអត្ថប្រយោជន៍​ពិសេសដល់វិនិយោគិន និង ធុរជនទាំងអស់ រហូតដល់ដំណាច់ឆ្នាំ ២០២៥ តាម​រយៈ​វិធានការ និង យន្តការដែលមានលក្ខណៈជាកញ្ចប់, ប្រទាក់ប្រឡា, មុតស្រួច, និង សាមញ្ញ ដោយផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ពន្ធគយ និង មែនមែនសារ​ពើពន្ធ ដែលលើសពីច្បាប់ រួមទាំង ការសម្របសម្រួល ដោះស្រាយសំណូមពរ និង សេវាថែទាំវិនិយោគដោយឥតគិតថ្លៃ ដែលរួមមាន ការលើកលែង ពន្ធលើប្រាក់​ចំណូល ការលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ ការលើកលែងអាករ​លើតម្លៃបន្ថែម ពន្ធប៉ាតង់ ការលើកលែងពន្ធនាំចូល និង ការ លើកលែង កម្រៃ​សេវា​សាធារណៈចំពោះការស្នើសុំចុះបញ្ជី និង លិខិតអនុញ្ញាតផ្សេងៗ ចំពោះគម្រោង​វិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងវិនិយោគថ្មី, គម្រោង វិនិយោគ​ដែលមានស្រាប់ និង ការពង្រីកគម្រោង ។ ឯកឧត្តមបន្ថែមថា វិនិយោគិន​អាចដាក់​ពាក្យស្នើសុំជាបុគ្គល ឬ នីតិបុគ្គល ដោយត្រូវដាក់ពាក្យស្នើ និង អនុវត្ត ក្នុងឆ្នាំ ២០២៥ ។

វេទិកានេះ ក៏មានការធ្វើបទបង្ហាញបច្ចេកទេសអំពី កម្មវិធីពិសេសជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ (បន្តរហូតដល់ដំណាច់ឆ្នាំ ២០២៥) និង តំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយបានទាញការចាប់អារម្មណ៍ខ្ពស់ពីវិនិយោគិន និង ធុរជន ព្រមទាំងបានបង្ហាញបំណងមកបណ្ដាក់ទុនវិនិយោគក្នុងខេត្តព្រះសីហនុ ជាពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តាមរយៈកម្មវិធីពិសេសនេះ ។

ផ្អែកតាមនេះ, វិនិយោគិន និង ធុរជនទាំងអស់ ដែលមានបំណងវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បីទទួល បានអត្ថប្រយោជន៍ក្រោមក្របខណ្ឌ «កម្មវិធីពិសេសជំរុញ​ការ​វិនិ​យោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» សូមទំនាក់ទំនង មក លេខា​ធិការដ្ឋាន​​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅទីតាំងដែល​មាន​អាសយ ដ្ឋាន ផ្លូវជាតិ លេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសី​ហនុ ដែលមានលេខទំនាក់ទំនង (WeChat) ៖ +៨៥៥ ១២ ៩០២ ២០០/+៨៥៥ ៧៧ ៧៥១ ៥១០/+៨៥៥ ១៦ ៣២១ ០១០ និង +៨៥៥ ៨៦ ៨៦១ ៦៩៨ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕

ដោយ ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner