រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យ​ប្រជាពលរដ្ឋបន្តយកចិត្តទុក​ដាក់តាមដាន​ព័ត៌មានទាក់ទងនឹង​ស្ថានការណ៍​ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសូមកុំមានភាពស្លន់ស្លោ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវ​សូមឱ្យបងប្អូនប្រជាពលរដ្ឋ​ជឿជាក់និងទុក​ចិត្ត​លើថ្នាក់ដឹកនាំជាតិ​របស់យើង គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយ​បញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃនិង​តម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប្រកប ដោយភាពម៉ឺងម៉ាត់។

លើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនៅព្រឹកថ្ងៃទី៨ ខែមិថុនា​ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា បានសរសេរដោយ​សារក្រើន​រំលឹកបន្ថែមថា ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើន​ក្នុងគោលបំណងបំភ្លៃការពិត, កាឡៃ​ប្រវត្តិសាស្ត្រ និងញុះញង់,សូម​សាធារណជននិងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់​ប្រភព​ព័ត៌មាន​ជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈ​ច្បាស់លាស់ មានបីសំខាន់ៗ គឺ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ប្រភពព័ត៌មាន ៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី​នាយក​រដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃ​ព្រះរាជា​ណាចក្រកម្ពុជា។

ចុងបញ្ចប់នៃសំណេរឯកឧត្តម នេត្រ ភក្រ្តា បានគូសរំលេចថា ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀ​ស​​សង្គ្រាមជាយថាហេតុ, កម្ពុជាប្រកាន់ជំហរយក«បញ្ហាព្រំដែន» នៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ដើម្បីធានាបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ និងមានដំណោះ​ស្រាយជាស្ថាពរ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner