ស្មារតីផ្សាភ្ជាប់គ្នារវាងអ្នកនៅខាងក្រោយ និងកងទ័ពជួរមុខ
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញឱ្យឃើញនូវស្មារតីផ្សាភ្ជាប់គ្នារវាងមន្រ្តីរាជការ ប្រជាពលរដ្ឋខ្មែរទូទៅនៅខាងក្រោយ ជាមួយកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរខាងមុខ។
ក្នុងសប្ដាហ៍នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំប្រតិភូចម្រុះអញ្ជើញសាកសួរសុខទុក្ខនិងនាំយកនូវស្បៀងអាហារជាគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងឈរជើងជួរមុខការពារខ្សែបន្ទាត់ព្រំដែនគោក កម្ពុជា-ថៃ ទិសស្រុកសំឡូត និងប្រចាំទិសនៃស្រុកទាំងបីភាគខាងលិច ដែលមានស្រុកសំពៅលូន កំរៀងនិងស្រុកភ្នំព្រឹក។
ក្នុងឱកាសនេះឯកឧត្តម សុខ លូ បានលើកទឹកចិត្ត និងជំរុញដល់គ្រប់ មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ទាំង១៤ និងសប្បុរសជននានាក្នុងខេត្ត សូមចូលរួម និងបន្តនូវស្មារតីក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់ខឿនការពារជាតិ ការការពារបូរណភាពទឹកដី ដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបងតាមការស្ម័គ្រចិត្ត ដើម្បីទៅកាន់គោលដៅអង្គភាពដែលខ្លួនចង់ជួយឧបត្ថម្ភគាំទ្រ និងទំនុកបម្រុង ដោយផ្ទាល់៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប






