លោកត្រាំពង្រាយទ័ព២ពាន់នាក់បង្ក្រាបបាតុកម្ម
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពង្រាយទាហាន ចំនួន ២ពាន់នាក់ ដើម្បីបង្ក្រាបលើបាតុកម្មតវ៉ា ប្រឆាំងនឹងការវាយឆ្មក់ របស់មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ នៅក្នុងតំបន់ Los Angeles កាលពីថ្ងៃសៅរ៍។
របាយការណ៍ បានបង្ហាញថា ទីភ្នាក់ងារសហព័ន្ធ បានប៉ះទង្គិច ជាមួយហ្វូងមនុស្ស ដែលមានកំហឹង នៅជាយក្រុង Los Angeles ខណៈដែលការតវ៉ា បានអូសបន្លាយ ដល់ យប់ទីពីរ គិតត្រឹមថ្ងៃសៅរ៍ ជាមួយនឹងការបិទផ្នែកខ្លះ នៃផ្លូវហាយវេ ចំពេលមានការវាយឆ្មក់ លើជនចំណាកស្រុក ដែលគ្មានឯកសារ។ ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រឿងផ្ទុះ ត្រូវបានប្រើប្រាស់ ក្នុងការប៉ះទង្គិចគ្នា នេះបើយោងតាមរបាយការណ៍ព័ត៌មាន និងការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា មក លោក Trump សន្យាថា នឹងបង្រ្កាបយ៉ាងតឹងរ៉ឹងលើការចូល ឬ វត្តមានជនចំណាកស្រុក ដែលគ្មានឯកសារ ដោយលោកបានប្រដូចទៅនឹង “បិសាច” និង “សត្វ”។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា «រដ្ឋបាល Trump មានគោលនយោបាយ មិនអត់ឱនចំពោះអាកប្បកិរិយា ឧក្រិដ្ឋកម្ម និងអំពើហឹង្សា ជាពិសេស នៅពេលដែលអំពើហឹង្សានោះ សំដៅទៅលើមន្ត្រីអនុវត្តច្បាប់ ដែលព្យាយាមធ្វើការងារ របស់ពួកគេ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត




