ឯកឧត្តម កែវ រ៉េមី នាំគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យសុខភាពមាត់ធ្មេញ ជូនកុមារអង្គការ ការអភិវឌ្ឍកុមារកម្ពុជា
(ខេត្តកណ្ដាល)៖ នេះជាលើកទី១៧ហើយដែល ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងមន្រ្តីក្រោមឱវាទ បាននាំយកថវិកា គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងនាំគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១៥នាក់ ដើម្បីពិនិត្យសុខភាពមាត់ធ្មេញជូនដល់កុមារចំនួន ៤៧នាក់ កំពុងស្នាក់នៅអង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។

លោកស្រី ឈូក សីហា ប្រធានអង្គការការអភិវឌ្ឍកុមារកម្ពុជា បានមានប្រសាសន៍ថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី តែងតែគិតគូរដល់ប្រជាពលរដ្ឋក្រីក្រ សិស្ស និស្សិត ខ្វះខាតជួបការលំបាក ពិសេសដល់កុមារកំព្រា-ក្រីក្រ ដែលនៅចំពោះមុខ ។ កុមារក្នុងអង្គការកំពុងត្រូវការជំនួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជាការជួយឧបត្ថម្ភពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ។

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានផ្ដាំផ្ញើឱ្យកូនៗទាំងអស់ត្រូវចេះស្ដាប់ដំបូន្មាន ចេះថែទាំសុខភាព និងខិតខំសិក្សារៀនសូត្រ ដើម្បីរៀបចំដំណើរជីវិតរបស់ខ្លួនឱ្យបានល្អប្រសើរ និងក្លាយជាពលរដ្ឋល្អក្នុងសង្គម។ បន្ថែមលើនេះ ឯកឧត្តម ក៏បានស្នើឱ្យគណៈគ្រប់គ្រងនិងបុគ្គលិកនៅក្នុងអង្គការបន្ដយកចិត្តទុកដាក់ថែទាំកុមារទាំងអស់ឱ្យបានល្អ និងត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស ដែលជាសសរស្ដម្ភនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីថា នឹងបន្ដខិតខំស្វះស្វែងកៀរគរប្រមូលមូលនិធិពីសប្បុរសជននានា ដើម្បីបន្តជួយដល់អង្គការ និងបានអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់អង្គការ ដែលជាកាយវិការមួយបង្ហាញនូវវប្បធម៌ចែករំលែក ស្មារតីមនុស្សធម៌ និងការលើកកម្ពស់សិទ្ធិកុមារ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់ និងមានជំនឿយ៉ាងមុតមាំថា ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់ នឹងបន្ដគាំទ្រនិងគាំទ្រកាន់តែខ្លាំងឡើង ក្នុងករណី គ.ស.ម.ក. រៀបចំកម្មវិធីសប្បុរសធម៌ផ្សេងៗទៀតនាពេលខាងមុខ ដើម្បីប្រមូលថវិកាជួយដល់ សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ មន្ទីរពេទ្យគន្ធបុប្ផា អង្គការមនុស្សចាស់ និងអង្គការកុមារកំព្រា-ក្រីក្រ ជាដើម៕
ដោយ ៖ គ្រី សម្បត្តិ
