ចំណាប់ខ្មាំងថៃត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃនៅហ្គាហ្សា

បរទេស៖ អ៊ីស្រាអែលបានអះអាងថា ចំណាប់ខ្មាំងថៃម្នាក់ ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ នៅក្នុងតំបន់ហ្គាហ្សា ដោយសាកសព ទើបតែត្រូវបានប្រទះឃើញ។

កងកម្លាំងអ៊ីស្រាអែល បានអះអាង កាលពីថ្ងៃសៅរ៍ថា ពួកគេបានទាញយកសាកសពចំណាប់ខ្មាំង ជាជនជាតិថៃ ឈ្មោះ Natthapong Pinta ចេញពីតំបន់ ហ្គាហ្សា ស្ទ្រីប។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានអះអាងថា ជនជាតិថៃរូបនេះ ត្រូវបានសម្លាប់ យ៉ាងព្រៃផ្សៃ អំឡុងការចាប់ឃុំខ្លួន ដោយអង្គការភេរវករ សំដៅលើ កងពលតូច Mujahideen ជាក្រុមប្រដាប់អាវុធ ដែលស្និទ្ធនឹងក្រុមជីហាត មានសម្ព័ន្ធមិត្ត ជាមួយហាម៉ាស។ លោក Katz បាននិយាយទៀតថា ឈ្មោះ Natthapong បានទៅប្រទេសអ៊ីស្រាអែល ដើម្បីធ្វើការ ក្នុងវិស័យកសិកម្ម។

បើតាមសេចក្តីថ្លែងការណ៍យោធា បាននិយាយថា សាកសព ជនជាតិថៃរូបនេះ ត្រូវបានយកចេញពីតំបន់ Rafah នៃភាគខាងត្បូង Gaza ក្រោយពេលដែលកងទ័ព និងទីភ្នាក់ងារសន្តិសុខ Shin Bet បានធ្វើប្រតិបត្តិការរួមគ្នាមួយ កាលពីថ្ងៃសុក្រ។

សេចក្តីថ្លែងការណ៍ បញ្ជាក់ថា លោក Nattaphong Pinta ត្រូវបានពួកភេរវករ ចាប់ពង្រត់ទាំងរស់…ចេញពីតំបន់ Kibbutz Nir Oz របស់ប្រទេសអ៊ីស្រាអែល អំឡុងការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣»។ កាលណោះ មានចំណាប់ខ្មាំង ២៥១ នាក់ ត្រូវបានចាប់ ដោយក្រុមហាម៉ាស។ មកដល់ពេលនេះ នៅសល់៥៥នាក់ទៀត បន្តជាប់ឃុំខ្លួននៅឡើយ ហើយអ៊ីស្រាអែលអះអាងថា ក្នុងចំណោមនេះ មាន៣១នាក់ បានស្លាប់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner