ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី “Global Digital Forum” នៅសហព័ន្ធរុស្ស៊ី

(សហព័ន្ធរុស្ស៊ី)៖ នៅថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី “Global Digital Forum” នៅសហព័ន្ធរុស្ស៊ីដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងស្ថាប័នរដ្ឋាភិបាល អ្នកជំនាញបច្ចេកវិទ្យាឌីជីថល អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សា សហគមន៍វិទ្យាសាស្ត្រមកពីប្រទេសជាច្រើនជុំវិញពិភពលោក។

វេទិកានេះរៀបចំឡើងដោយក្រសួងអភិវឌ្ឍន៍ឌីជីថល គមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ី។ វេទិកានេះគឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយដែលជួយជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការជាសកល ដោយមានការចូលរួមពីអ្នកជំនាញព័ត៌មានវិទ្យា (IT) ជាង ២,៨០០នាក់ អ្នកតំណាងមកពី ១១៤ប្រទេស ក្រុមហ៊ុនចូលរួមចំនួន ១៧០ និងមានការតាំងពិព័រណ៍ផងដែរ។ វាគ្មិនកិត្តិយស និងភ្ញៀវកិត្តិយសរួមមានរដ្ឋមន្ត្រីរដ្ឋាភិបាល តំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញឌីជីថលដ៏ល្បីល្បាញមកពីទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក អាស៊ី និងអាមេរិក។

ព្រឹត្តិការណ៍នេះគឺជាវេទិកាសម្រាប់ការពិភាក្សាដោយអ្នកជំនាញមកពីប្រទេសផ្សេងៗទៅលើទិដ្ឋភាពសកលនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល គំនិតផ្តួចផ្តើម និងសំណើថ្មី ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនាធុរកិច្ចក្នុងវិស័យឌីជីថល ។

នៅក្នុងវេទិកានេះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមធ្វើជាវាគ្មិននៅក្នុងកិច្ចពិភាក្សាលើប្រធានបទ “Safeguarding International Information Security in the Pursuit of the UN Sustainable Development Goals 2030″។

ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកទៅកាន់វេទិកាទាំងមូលអំពីឧត្តមានុវត្តន៍របស់កម្ពុជាពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពេលបច្ចុប្បន្ន ដែលក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្រុមប្រឹក្សាជាតិនេះ មានគណៈកម្មាធិការ ៣ រួមមាន “គណៈកម្មាធិការសេដ្ឋកិច្ចឌីជីថល និង ធុរកិច្ចឌីជីថល”, “គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល” និង “គណៈកម្មាធិការសន្តិសុខឌីជីថល” ជាសេនាធិការទទួលបន្ទុកការងារជំនាញ។

ឯកឧត្តមរដ្ឋលេខាធិការ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Bella Cherkesova អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល គមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ី ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងទាំងពីរ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក្រសួងបានលើកឡើងពីលទ្ធភាពនៅក្នុងការជួយគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអភិវឌ្ឍវិស័យដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួង ដូចជា វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាពិសេសផ្តោតសំខាន់ទៅលើការកសាងសមត្ថភាពមន្ត្រីផ្នែកបញ្ញាសិប្បនិម្មិតផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner