ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងពីស្មារតី និងឆន្ទៈមោះមុតរបស់វីរៈកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមថា ក្នុងបេសកកម្មចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសនានា ខ្ញុំបានស្វែងយល់យ៉ាងច្បាស់ពីទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូន។ បើទោះបីជាយើងកំពុងរស់នៅយ៉ាងក្សេមក្សាន្តក្នុងសន្តិភាពពេញបរិបូរណ៍ជាង ២ ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ស្មារតី និងឆន្ទៈមោះមុតរបស់វីរៈកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា យើងទាំងអស់ជឿជាក់ ហើយនៅគាំទ្រដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលបុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុនរបស់យើងបានខិតខំកសាង និងបន្សល់ទុកដល់ពួកយើងយ៉ាងលំបាកលំបិនបំផុត។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុតជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកឯកឧត្តម ហ៊ុន ម៉ានី




