រយៈពេល ៧ថ្ងៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជួយមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានថវិកាជាង ៤,៣ លានដុល្លារពីសប្បុរសជន
(ភ្នំពេញ)៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលបានផ្តួចផ្តើម គំនិតដោយលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា គឺមកដល់ពេលនេះ ទទួលបានថវិកាប្រមាណជាង ៤លាន៣សែនដុល្លារហើយ ត្រឹមតែរយៈពេលប្រមាណ១សប្តាហ៍ប៉ុណ្ណោះ ដែលចំនួននេះ បានច្រើនជាងរយៈពេល១ខែ ក្នុងយុទ្ធនាការ ឆ្នាំមុនទៅទៀត។
ក្នុងយុទ្ធនាការធ្វើនៅផ្លូវថ្មើរជើង លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនង សាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេលប្រមាណ១សប្តាហ៍ នៃយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ មានប្រជាពលរដ្ឋ បានចូលរួមមានប្រមាណជាង ២៤ម៉ឺន៥ពាន់នាក់ និងទទួលបានថវិកា ប្រមាណ ៤លាន៣សែនដុល្លារ ហើយចំនួននេះ បើប្រៀបធៀបនឹងឆ្នាំមុន ក្នុងរយៈពេលមួយខែពេញ មានបងប្អូន ប្រជាពលរដ្ឋបានចូលរួម មានត្រឹម២៤ម៉ឺននាក់ប៉ុណ្ណោះ និងទទួលបានថវិកា ត្រឹមតែ ៣លាន ៣សែនដុល្លារ ប៉ុន្តឺឆ្នាំនេះត្រឹមរយៈពេល ១សប្តាហ៍ ទទួលបានចំនួនមនុស្ស និងចំនួនថវិកាច្រើនជាងឆ្នាំមុនទៅទៀត មានន័យថា បងប្អូនប្រជាពលរដ្ឋ យល់ច្បាស់ពីតម្លៃនៃមន្ទីរពេទ្យគន្ធបុប្ផា។
ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋបានប្រាប់ដែរថា ពួកគាត់ពេញចិត្ត ចំពោះយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ព្រោះយុទ្ធនាការមួយនេះ នឹងជួយធ្វើឱ្យមន្ទីរពេទ្យគន្ធបុប្ផា កាន់តែមានលទ្ធភាពក្នុងការព្យាបាលជំងឺជូនកុមារ និងស្ត្រីមានផ្ទៃពោះ ដោយសារមន្ទីរពេទ្យទេវតាមួយនេះ បានចំណាយថវិកាជាច្រើនក្នុងមួយឆ្នាំៗ ដើម្បីព្យាបាលជំងឺជូនកុមារ និងស្ត្រីមានផ្ទៃពោះ ពិសេសការព្យាបាលទំាងអស់មិនយកថវិកាពីអ្នកជំងឺណាម្នាក់ឡើយហើយពួកគាត់នឹងចូលរួមជាមួយនឹងយុទ្ធនាការនេះ ។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាជារៀងរាល់ថ្ងៃ មានកុមារមកទទួលសេវាព្យាបាលមានប្រមាណ ៣៥០០នាក់ ហើយក្នុងចំណោមកុមារ ៣៥០០នាក់ ដែលមកទទួលសេវាព្យាបាល ក៏មានកុមារប្រមាណ ៥០០នាក់ ដែលមានអារៈធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកសម្រាប់ស្ត្រីមានផ្ទៃពោះវិញ មានប្រមាណ ៥០០នាក់ ដែលមកពិនិត្យផ្ទៃពោះ និងសម្រាលកូន ដោយសរុបជារួមមានប្រមាណ ៤ពាន់នាក់ ហើយតែងមានអ្នកជំងឺនៅគេងក្នុងពេទ្យរាល់ថ្ងៃមានប្រមាណ ២ពាន់នាក់ និងបានចំណាយថវិកាក្នុងការព្យាបាលអស់ប្រមាណជាង ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ ហើយបើគិតការចំណាយក្នុងរយៈពេលមួយឆ្នាំអស់ថវិកាប្រមាណជាង ៤២លានដុល្លារ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា







